(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀង ដែលទស្សនិកជននិយមហៅតារាសក់សំពោង លោក វី ជីវ័ន្ត នៅពេលនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា ក្រោយពីផ្លាស់ប្តូរស្ទីលថ្មី ដាច់ចិត្តកាត់សក់សំពោងចោល បន្ទាប់ពីរក្សាបានជិត២០ឆ្នាំ។

តារាប្រុស លោក វី ជីវ័ន្ត បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងពីមូលហេតុនៃការសម្រេចចិត្តកាត់សក់សំពោងរបស់ខ្លួនចោលយ៉ាងដូច្នេះថា ដោយសារតែរូបលោកចង់ផ្លាស់ប្តូរស្ទីលសក់ថ្មី ដើម្បីឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍។ លោកថា ក្រោយកាត់សក់ហាក់មានអារម្មណ៍ប្លែក និងព្រួយបារម្ភត្រង់ថា ខ្លាចទស្សនិកជនមិនស្គាល់ ព្រោះប្លែកមុខមាត់ តែលោកគិតថា នេះជាស្ទីលថ្មី ជាមួយនឹងម៉ូតសក់មិនសំពោងដូចមុន។

ម្យ៉ាងដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ផងនោះទើបជំរុញឲ្យលោកសម្រេចចិត្តកាត់សក់ចោលតែម្តង ព្រោះដើម្បីឲ្យអស់ភាពហ្មងសៅ ខណៈការកាត់សក់នេះ គឺមិនមានការជំរុញពីការសាច់ញាតិបងប្អូន ឬមិត្តភក្តិឡើយ ដោយលោកបានសម្រេចចិត្តខ្លួនឯងតែម្តង។

គួរជម្រាបថា តារាប្រុសចេះស្ទើរគ្រប់ជំនាញសិល្បៈ លោក វី ជីវ័ន្ត ត្រូវបានទស្សនិកជនភាគច្រើនស្គាល់រូបលោក ដោយសំគាល់លើសក់សំពោងតាំងពីចូលសិល្បៈមកម្ល៉េះ ពោលម៉ូតសក់សំពោងគឺត្រូវបានលោករក្សាជិត២០មកហើយ ទើបតែនៅចុងខែឧសភា ឆ្នាំ២០២១ នេះសម្រេចកាត់ចោលតែម្តង ដើម្បីផ្លាស់ប្តូរម៉ូតថ្មី៕