(ព័រទុយហ្គាល់)៖ អាជ្ញាធរព័រទុយហ្គាល់ បានបន្ធូរបន្ថយវិធានការសុវត្ថិភាពទប់ស្កាត់ជំងឺ COVID-19 សម្រាប់ក្រុមអ្នកគាំទ្រអង់គ្លេសរាប់ពាន់នាក់ ដែលចូលទៅកាន់ទីក្រុង Porto សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នាថ្ងៃសៅរ៍នេះ, ដោយមិនតម្រូវឲ្យពួកគេធ្វើចត្តាឡីស័ក និងដកការរឹតបន្តឹងលើការធ្វើដំណើរ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។

«ព្រំដែនបានបើក។ ទីក្រុងនិងប្រទេស បានបើកបន្តិចម្តងៗ។ សេរីភាព នៃការធ្វើដំណើរ នឹងមិនមានលក្ខខណ្ឌនោះទេ», នេះបើតាមសម្តីស្នងការប៉ូលិសទីក្រុង Porto លោក Cardoso da Silva បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ។

លោកបន្ថែមថា «វាមិនមានការរឹតបន្តឹង លើការធ្វើដំណើររបស់អ្នកគាំទ្រនោះទេ»។

ប្រភពពីប៉ូលិសម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា អាជ្ញាធរព័រទុយហ្គាល់ មិនមានពេលវេលាគ្រប់គ្រាន់នោះទេ ក្នុងការរៀបចំឲ្យបានពេញលេញ សម្រាប់ការពារសុវត្ថិភាព ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដោយសារ UEFA ទើបតែប្រកាសការផ្លាស់ប្តូរទីតាំងប្រកួត ដោយប្តូរពីទីក្រុង Istanbul របស់តួកគី មកកាន់ទីក្រុង Porto ព័រទុយហ្គាល់ ប្រមាណ២សប្តាហ៍មុនប៉ុណ្ណោះ។

ចាប់តាំងពីថ្ងៃទី១៧ ខែឧសភាមក, អ្នកទេសចរណ៍មកពីអង់គ្លេស ត្រូវបានអនុញ្ញាតឲ្យចូលព័រទុយហ្គាល់ ជាមួយនឹងភស្តុតាងបង្ហាញថា មានលទ្ធផលអវិជ្ជមាននៃជំងឺ COVID-19។

លោកស្នងការ Silva បានលើកឡើងថា ប្រមាណ៨០ជើងហោះហើរពិសេស ជាមួយនឹងអ្នកគាំទ្របាល់ទាត់អង់គ្លេស ត្រូវបានគេរំពឹងថា នឹងចុះចតនៅថ្ងៃសៅរ៍ ដើម្បីចូលរួមទស្សនា ការប្រកួតប៉ះគ្នា រវាង Manchester City និង Chelsea។ រថយន្តក្រុងប្រមាណ ១៨០គ្រឿងនឹងដឹកអ្នកគាំទ្រទៅកាន់ពហុកីឡដ្ឋាន៕