(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានទៅដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសបារ៉ែន នាវេលាម៉ោង ១១៖៥៥នាទីយប់ថ្ងៃទី២៧ ខែឧសភានេះ ត្រៀមចូលរួមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ។

ប៉ុន្ដែមុនចាកចេញពីមាតុភូមិ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានជួបសំណេះសំណាល និងជូនពរកីឡាករ ព្រមទាំងគណៈប្រតិភូក្រុមគោព្រៃកម្ពុជា ដែលត្រូវបំពេញបេសកកម្មចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិកភពលោក ឆ្នាំ២០២២ នេះផងដែរ ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ryu Hirose បានកោះហៅកីឡាករ ២៤រូប ធ្វើដំណើរទៅប្រទេសបារ៉ែនយប់នេះ ដោយមិនទាន់មានការប្រមូលផ្ដុំក្នុងស្រុកឡើយ ។ ដូច្នេះក្រុមគោព្រៃកម្ពុជា មានរយៈពេល ៦ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងរៀបចំក្រុម ត្រៀមការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយនៅទីនោះ ។

សម្រាប់កម្មវិធីប្រកួត ៣ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា រួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់(ម៉ោងនៅកម្ពុជា), ថ្ងៃទី៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) ។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល C ក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាង ដោយមាន ១១ពិន្ទុក្នុងដៃ ខណៈបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ហើយក្រុមខ្លាំងអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតក្នុងដៃ កំពុងឈរលេខ៣ និងមាន ៦ពិន្ទុ ។ ចំណែកកម្ពុជា ឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លយកាត់ ៥ប្រកួតស្មើ ១ និងចាញ់ ៤ កាលពីឆ្នាំ២០១៩ កន្លងទៅ ៕