(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឯកភាពលើការកំណត់ប្រភេទកីឡា វិញ្ញាសា និងទីតាំង នៃទីលានប្រកួតលើកទី១ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាហើយ ដោយបានកំណត់កីឡាចំនួន ៤០ប្រភេទ និងត្រៀមប្រកួតលើទីតាំង ៥ ធំៗ រួមមានរាជធានីភ្នំពេញ, ខេត្ដព្រះសីហនុ, ខេត្តសៀមរាប, ខេត្តកំពត និងខេត្តកែប។

ចំពោះកីឡាទាំង ៤០ប្រភេទ ដែលត្រូវបានសម្រេចលើកទី១ គឺបានបែងចែកជា ៣ចំណាត់ថ្នាក់ ទី១-ប្រភេទកីឡាកាតព្វកិច្ច គឺមានកីឡាអត្តពលកម្ម និងកីឡាហែលទឹក។ ទី២-ប្រភេទកីឡាអូឡាំពិក និងកីឡាអាស៊ី រួមមានកីឡាកាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ WTF, ទោចក្រយាន, គុនដាវ, យូដូ, វូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជូជិតស៊ូ, លើកទម្ងន់, កីឡាទូក(ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង), បាល់ទាត់, បាល់ទះ, បាល់បោះ, ស៊ីដក់-ឈិនឡូន, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនហ្គោល, ហុកគី, ជិះសេះ, ទូកក្ដោង និងកីឡាសូហ្វតេន្នីស។

រីឯទី៣-ប្រភេទកីឡាក្នុងតំបន់ និងកីឡាប្រពៃណី រួមមានកីឡាវ៉ូវីណាម, ប្រដាល់គុនខ្មែរ, ឃីកបុកស៊ីង, ម៉ូតូទឹក, Finswimming, ប៉េតង់, កាយវប្បកម្ម, កីឡាអុក, អេឡិចត្រូនិច, គុនល្បុក្កតោ និងកីឡាតេក្វាន់ដូ ITF។ ក្នុងចំណោមកីឡាទាំងអស់នេះ ភាគីច្រើនត្រូវបានកំណត់ទីតាំង នៃទីលានប្រកួតនៅរាជធានីភ្នំពេញ ខណៈកីឡាមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវប្រកួតតាមខេត្ត ដូចជាខេត្ដព្រះសីហនុ (ប្រកួតកីឡាទូកក្ដោង, បាញ់កាំភ្លើង និងម៉ូតូទឹក), ខេត្តសៀមរាប (ប្រកួតកីឡាទោចក្រយាន), ខេត្តកំពត(ប្រកួតកីឡាទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង) និងខេត្តកែប (ប្រកួតកីឡាទ្រីយ៉ាត្លុង)។

ក្រោយទទួលបានការឯកភាពពីសម្ដេចពិជ័យសេនា ទៀ បាញ់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ការកំណត់ប្រភេទកីឡា និងទីតាំង នៃទីលានប្រកួតនេះ គឺដើម្បីផ្ដល់លទ្ធភាពឲ្យគណៈកម្មការជំនាញ យកទៅរៀបចំផែនការតាមមុខជំនាញរបស់ខ្លួន ពិសេសគណៈកម្មការទីលាន ដើម្បីចុះពិនិត្យជាក់ស្ដែង និងវាយតម្លៃអំពីលក្ខណៈស្ដង់ដារ ស្របតាមលក្ខខណ្ឌសហព័ន្ធអន្ដរជាតិ ។ ប៉ុន្ដែចំពោះប្រភេទកីឡា និងវិញ្ញាសាមួយចំនួន អាចនឹងមានការប្រែងប្រួលខ្លះ ពោលគឺអាចនឹងត្រូវដកចេញ ឬបន្ថែម ទៅតាមការប្រែប្រួលបច្ចេកទេស និងគុណផលកីឡា នៃកីឡានីមួយៗ។

លោកសង្កត់ធ្ងន់ថា «ការសម្រេចនេះ គឺជាការសម្រេចបឋមលើកទី១ មិនទាន់សម្រេចជាស្ថាពរ សម្រាប់កម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នោះទេ ព្រោះសល់ពេលវេលាច្រើន ដែលយើងត្រូវត្រួតពិនិត្យ និងវាយតម្លៃទៅលើគុណផល បច្ចេកទេស ឬក៏លើលក្ខណៈសម្បត្ដិរបស់សហព័ន្ធជាតិ និងសិទ្ធផលរបស់ប្រភេទកីឡាខ្លះ ក្រោយចប់ស៊ីហ្គេម នៅវៀតណាម គឺត្រូវមានការចម្រុះមួយចំនួន ហើយប្រភេទកីឡាមួយចំនួនទៀត នឹងអាចត្រូវបំពេញបន្ថែម ព្រោះកាលដែលយើងសន្មត់នៅក្នុងផែនការមេ យើងកំណត់តែ ៣០ ទៅ ៣៥ប្រភេទកីឡាទេ ។ ចឹងយើងត្រូវធ្វើការវាយតម្លៃទៅលើប្រភេទកីឡានីមួយៗបន្ដទៀត»។

អាស្រ័យហេតុនេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានផ្ញើសារទៅកាន់សហព័ន្ធកីឡាជាតិទាំងអស់ ពិសេសសហព័ន្ធកីឡា ៤០ប្រភេទ ដែលត្រូវបានវាយតម្លៃជាបឋម គឺត្រូវបង្កើនការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យប្រភេទកីឡារបស់ខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមលក្ខណៈវិនិច្ឆ័យបច្ចេកទេស ភាពរឹងមាំនៃការដឹកនាំរបស់សហព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រភេទកីឡានីមួយៗ រហូតដល់លទ្ធភាពថវិកាទៀតសោត ដើម្បីធានាបានថា ប្រភេទកីឡានីមួយៗ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងមានលទ្ធភាពដណ្ដើមមេដាយជូនជាតិ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕

http://image.freshnewsasia.com/2020//fn-2021-05-28-09-10-47-0.JPG