(ភ្នំពេញ)៖ នៅទូទាំងពិភពលោកប្រជាជនចំនួន ៦២% មានបញ្ហារំលាយអាហារយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ហើយជារៀងរាល់ឆ្នាំ អង្គការសុខភាព និងក្រុមហ៊ុនដ៏ទៃទៀត បានចាត់វិធានការលើកកម្ពស់ការយល់ដឹង អំពីតួនាទីរបស់ប្រព័ន្ធរំលាយអាហារ នៅក្នុងសុខុមាលភាពទូទៅ និងវិធីថែរក្សាវា នៅក្នុងយុទ្ធនាការមួយ ដែលមានឈ្មោះថា «ទិវាសុខភាពរំលាយអាហារពិភពលោក» ដែលត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

សាណូហ្វី ជាក្រុមហ៊ុនឈានមុខមួយ លើផ្នែកថែទាំសុខភាព។ ក្រៅពីការចូលរួមចំណែករបស់ខ្លួន តាមរយៈផលិតផលឱសថដ៏មានគុណភាពខ្ពស់ជាច្រើនប្រភេទ ដែលបម្រើដល់មនុស្សរាប់លាននាក់ នៅលើពិភពលោក ជាពិសេសប្រទេសកម្ពុជា ក្រុមហ៊ុនបានប្រារព្ធទិវាសុខភាពរំលាយអាហារពិភពលោកក្រោមប្រធានបទ «The Pursuit of Gut Happiness» ដើម្បី អប់រំផ្សព្វផ្សាយដល់មនុស្ស ដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ដើម្បីឱ្យពួកគេបានដឹងពីការការពារ ផ្តល់អាទិភាព និងទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហាររបស់ខ្លួន។

លោកវេជ្ជបណ្ឌិត សឿន សុវណ្ណដា ប្រធានផ្នែកវេជ្ជសាស្រ្តសាណូហ្វីកម្ពុជា បានលើកឡើងថា បញ្ហាប្រព័ន្ធរំលាយអារហារ គឺជាបញ្ហាចោទមួយក្នុងចំណោមបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដោយយើង ឃើញថាប្រជាពលរដ្នកម្ពុជាយើង បាននិងកំពុងជួបវិបត្តិជំងឺក្រពះពោះវៀន។ «ខ្ញុំសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការថែទាំសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត និងអនាម័យខ្លួនប្រាណ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាព»។

ការរៀន និងថែរក្សាសុខភាពរំលាយអាហារ គឺជាដំណើរមួយ ចាប់ផ្តើមពីការថែរក្សាសុខភាពពោះវៀន ឱ្យបានប្រសើរជាងមុន តាមរយៈការបង្ការ ផ្តល់អាទិភាព និងទ្រទ្រង់ប្រព័ន្ធរំលាយអាហារ។
១៖ បងា្ករ
ដោយប្រកាន់ខ្ជាប់នូវអាហារូបត្ថម្ភ និងទំលាប់រស់នៅដែលមានសុខភាពល្អ។ ទម្លាប់សាមញ្ញៗ ដូចជាការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងរួមទាំងផ្លែឈើ និងបន្លែជាច្រើនប្រភេទ នៅក្នុងរបបអាហាររបស់អ្នក អាចការពារការទល់លាមក និងជំរុញអតិសុខុមប្រាណល្អៗ។

២៖ ផ្តល់អាទិភាព
តាមរយៈការប្រើវិធីសាស្រ្តរួមមួយ នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហារំលាយអាហារ។ តើអ្នកដឹងទេថា ការឈឺពោះជាមធ្យម ៥៨% បណ្តាលមកពីស្ត្រេស្ត? ដូច្នេះវាមិនសំខាន់ទេ ក្នុងការទទួលយករបបអាហារ ដែលមានសុខភាពល្អ ប៉ុន្តែត្រូវធ្វើសមាធិ ឬធ្វើសកម្មភាពផ្សេងទៀត ដែលជួយអ្នកក្នុងការគ្រប់គ្រងភាពតានតឹង។
៣៖ ទ្រទ្រង់
ដោយការរក្សាតុល្យភាព ក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។

«The Pursuit of Gut Happiness» អាចនឹងពិបាកទទួលបាន ដូច្នេះមិនចាំបាច់បង្ខំខ្លួនយើង ឱ្យប្រកាន់ខ្ជាប់នូវរបបអាហារ ដែលតឹងរ៉ឹង និងទទួលបានអាហារបំប៉ន និងអាហារដែលល្អបំផុតរាប់តោននោះទេ គឺវាជាការស្វែងរកតុល្យភាពអាហារឱ្យបានត្រឹមត្រូវ។

ចំណែក លោក លន ឈាងអ៊ន់ នាយកប្រតិបត្តិប្រចាំសាណូហ្វីកម្ពុជា បានគូសបញ្ជាក់ផងដែរថា សាណូហ្វីកម្ពុជា នឹងបន្តប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវឱសថរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយ ទៅកាន់ប្រជាជនកម្ពុជា ឱ្យបានគ្រប់ទីកន្លែង នឹងការផ្តលព័ត៌មានអប់រំផ្នែកវិទ្យាសាស្ត្រចុងក្រោយ ដល់សាធារណជនកម្ពុជាផងដែរ៕