(ភ្នំពេញ)៖ អស់រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង រាប់រយនាក់ បានបរិច្ចាគអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀត ដល់ជនដែលងាយរងគ្រោះបំផុត ពីជំងឺកូវីដ១៩តាមរយៈ វីងម៉ល។

ប្រជាជនរាប់ពាន់នាក់ ត្រូវបានហាមឃាត់ មិនឲ្យចេញពីកន្លែងរាំងខ្ទប់កាលពីខែមុន ដើម្បីការពារ និងកាត់បន្ថយពីការរីករាលដាលនៃជំងឺកូវីដ១៩។ ទាំងនេះបានធ្វើឲ្យប្រជាជនមួយចំនួន បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ជាពិសេសអ្នកដែលប្រកបរបរក្រៅប្រព័ន្ធ។

យី សុធារី អ្នកបរិច្ចាគម្នាក់បាននិយាយថា៖ «ខ្ញុំបានឃើញអ្នករើសសំរាម និងអ្នកធាក់ស៊ីក្លូ បានបាត់បង់ក្នុងការរកប្រាក់ចំណូលប្រចាំថ្ងៃ និងមានជួបការខ្វះខាត»
ដោយមើលឃើញពីទុក្ខលំបាកនៅក្នុងសហគមន៍យ៉ាងដូចច្នេះ សុធារី និងមិត្តភក្តិប្រមាណ៥០នាក់ផ្សេងទៀត បានរួមវិភាគទានចំនួន ៣៧០ដុល្លារ និងបានសម្រេចជ្រើសរើសយកវីងម៉ល ដើម្បីបញ្ជាទិញអាហារ ដើម្បីដឹកជូនដល់អ្នកខ្វះខាតរហូតទៅដល់៧០នាក់ ក្នុងក្រុងភ្នំពេញដោយចំណាយពេលត្រឹមតែមួយម៉ោងតែប៉ុណ្ណោះ។

សុធារី បានបន្ថែមទៀតថា៖ «អ្វីដែលធ្វើឲ្យយើងពេញចិត្តនោះ គឺយើងបានជួយសហគមន៍របស់យើង បានដូចយើងបានជួបពួកគាត់ដោយផ្ទាល់អញ្ចឹង។ យើងគ្រាន់តែចុចពីរបីប៉ក់ បន្ទាប់មកយើងអាចបញ្ជូនបាយឆាក្តាម៧០កញ្ចប់រួមទាំងទឹកសុទ្ធ ដើម្បីចែកជូនដល់ពូពូអ្នកធាក់ស៊ីក្លូ និងអ្នករើសសំរាមបានយ៉ាងរហ័ស។ រយៈពេល ២ទៅ៣នាទីបន្ទាប់ពីចែកអាហាររួច ក្រុមដឹកជញ្ជូនវីងម៉ល បានចែករំលែករូបភាពនៃសកម្មភាពចែកអាហារបស់ពួកយើង។ វីងម៉ល មិនត្រឹមតែអាចជួយដល់អ្នកកំពុងជួបទុក្ខលំបាកតែប៉ុណ្ណោះទេប៉ុន្តែវាផ្តល់ភាពងាយស្រួល សម្រាប់ជួយគ្នាក្នុងគ្រាលំបាកបាន»

លោក ឈន ថន អ្នកធាក់ស៊ីក្លូមួយរូបដែលបានទទួលអំណោយ បាននិយាយថា ការចែករំលែកអំណោយទានទាំងនេះ ពិតជាផ្តល់ប្រយោជន៍ខ្លាំងណាស់ ដល់កម្មករ អ្នករើសសំរាម និងអ្នកដ៏ទៃផ្សេងទៀត ដែលកំពុងជួបទុកលំបាក។

លោក ថន បាននិយាយថា «វាពិតជាលើកទឹកចិត្តដល់ពួកខ្ញុំណាស់ ដែលមានសប្បុរសជនដឹងពីទុកលំបាករបស់ពួកយើង។ ខ្ញុំនិងអ្នកក្បែរខ្ញុំ ដែលកំពុងទីទាល់ បានទទួលជំនួយឧបត្ថម្ភជាច្រើនពីសប្បុរសជន ។ ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដល់បងប្អូនម្ចាស់ជំនួយទាំងឡាយណាស់»

ម្ចាស់ជំនួយ គ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង (Wing Money App) រួចចូលទៅកាន់ «វីងម៉ល» ( WingMall) បន្ទាប់មកបញ្ជាក់ ទីកន្លែង ឈ្មោះ ឬលេខទំនាក់ទំនងរបស់អ្នកទទួល នោះក្រុមដឹកជញ្ជូនរបស់ វីងម៉ល នឹងនាំយកជំនួយទាំងនោះ ទៅចែកជូនដល់ជនខ្វះខាត ព្រមទាំងមានការផ្ញើរូបភាពត្រឡប់មកវិញ ដើម្បីធ្វើជាភស្តុតាងដល់សប្បុរសជន។

លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងការទូទាត់អាជីវកម្មអេឡិកត្រូនិកវីងម៉ល មានប្រសាសន៍ថា បែបបទនៃការផ្តល់ជំនួយទាំងនេះ ត្រូវបានរៀបចំឡើង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់ជំនួយ និងជនទីទាល់។
លោកសាក់សាម បានបន្តថា «ការផ្តួចផ្តើមទាំងនេះ គឺដើម្បីជួយគ្រួសារដែលកំពុងជួបទុក្ខលំបាក។ វាមិនត្រឹមតែជួយអ្នកដែលកំពុងខ្វះខាតតែប៉ុណ្ណោះទេ តែវាបានបង្ហាញពីសាមគ្គីភាពជាតិតែមួយ ដើម្បីជួយគ្នាក្នុងគ្រាមានអាសន្ន»

អតិថិជនរបស់ វីងម៉ល អាចទិញទំនិញជាច្រើនពីហាងរាប់ពាន់នៅទីក្រុងភ្នំពេញ ជាមួយអាហារ និងភេសជ្ជៈដ៏សំបូរបែប ដែលបានដាក់បង្ហាញនៅលើវីងម៉ល។
សប្បុរសជន និងទទួលបានការបញ្ចុះតម្លៃ និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងទាំងអស់ អាចបន្តផ្តល់ជំនួយដល់ជនដែលងាយរងគ្រោះ ដោយជំងឺកូវីដ១៩ តាមរយៈ វីងម៉ល ប្រកបដោយភាពងាយស្រួល៕