(អាមេរិក)៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung និងក្រុមហ៊ុនឱសថស្ថានយក្សរបស់អាល្លឺម៉ង់ Bayer បានបោះទុនរួមគ្នាវិនិយោគទៅលើ ក្រុមហ៊ុន Ada Health ដែលជា ក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ និងរោគវិនិច្ឆ័យ តាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Doctor)។

ក្រុមហ៊ុន Ada Health បានប្រកាសឱ្យដឹងថា ខ្លួនទទួលបានមូលនិធិថ្មីចំនួន ៩០លានដុល្លារអាមេរិក ពីក្រុមហ៊ុន Samsung និង Bayer ដើម្បីពង្រីក និងពង្រឹងសមត្ថភាព AI Doctor ឱ្យខ្លាំង និងមានប្រសិទ្ធភាពជាងមុន ប៉ុន្តែ មិន បានបញ្ជាក់ថា មូលនិធិ ៩០លានដុល្លារអាមេរិក បានមកពី Samsung ចំនួនប៉ុន្មាន និងពី Bayer ប៉ុន្មានឡើយ គ្រាន់តែដឹងថា នៅពេលនេះ Ada Health ទទួលបានទុនវិនិយោគ ឬមូលនិធិសរុបចំនួន ១៥០លានដុល្លារ។

តាមរយៈការវិនិយោគនេះ ខាងក្រុមហ៊ុន Bayer បានប្រើប្រាស់ក្រុមអ្នកជំនាញរបស់ខ្លួនឱ្យចូលរួមជួយក្នុងការងារ របស់ Ada Health ខណៈដែលលោក Young Sohn អតីតប្រធានយុទ្ធសាស្ត្ររបស់ Samsung បានក្លាយជា សមាជិក ក្រុមប្រឹក្សាភិបាលរបស់ Ada Health ។

Ada Health ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដោយសហគ្រិនជាវេជ្ជបណ្ឌិតចំនួន៣រូបគឺ Claire Novorol, Martin Hirsch និង Daniel Nathrath ហើយបច្ចុប្បន្ននេះ Ada Health App មានអ្នក Download រហូតដល់ ១១លានដង ទាំងនៅលើ App Store និង Play Store៕