(អេស្ប៉ាញ)៖ ក្លិបបាល់ទាត់ Valencia ដែលលេងនៅលីគ La Liga របស់អេស្ប៉ាញ បានតែងតាំងលោក Jose Bordalas ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន បន្ទាប់ពីរូបលោក បានបញ្ចប់ការងារ ជាអ្នកចាត់ការទូទៅនៅក្លិប Getafe។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

លោក Bordalas បានចុះកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំជាមួយ Valencia ដែលក្លិបបានបញ្ចប់ជាមួយនឹងការខកចិត្តមួយ ដោយទទួលបានចំណាត់ថ្នាក់លេខ១៣ និងបានបណ្តេញគ្រូបង្វឹក Javi Gracia ចេញពីតំណែងកាលពីដើមខែនេះ។

Valencia បានឈានដល់វគ្គ១៦ក្រុមចុងក្រោយ Champions League កាលពីឆ្នាំមុន ប៉ុន្តែបានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដែលជំរុញឲ្យក្លិបលក់កីឡាករលេចធ្លោមួយចំនួន ស្របពេលដែលគ្មានការចុះហត្ថលេខាទិញកីឡាករថ្មី។

គួររំលឹកថា លោក Bordalas បានដឹកនាំក្រុម Getafe CF វិលត្រឡប់ចូលលីគ La Liga វិញក្នុងរដូវកាលដំបូង (២០១៦/១៧) នៃការកាន់តួនាទីរបស់លោក មុនពេលក្លិបទទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងលីគលំដាប់កំពូលនេះ និងជាចំណាត់ថ្នាក់ទី៥ ដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩៕