(អាមេរិក)៖ បន្ទាប់ពីសម្រេចចែកផ្លូវគ្នា តារាហូលីវូដល្បីឈ្មោះ Brad Pitt និង Angelina Jolie នៅតែបន្តតតាំងក្តីជាមួយគ្នា ដោយគិតមកទល់ពេលនេះ គឺមានរយៈពេល៥ឆ្នាំមកហើយ។ យ៉ាណាមិញថ្មីៗនេះ តុលាការបានសម្រេចឲ្យ Brad Pitt ទទួលបានសិទ្ធចិញ្ចឹមកូនៗទាំង៦នាក់ ប៉ុន្តែហាក់មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ដោយ Angelina Jolie បានដាក់ពាក្យប្តឹងជំទាស់បន្តទៀត។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា តុលាការបានសម្រេចឲ្យសិទ្ធទៅ Brad Pitt ក្នុងការគ្រប់គ្រងកូនៗទាំង៦នាក់ តាំងពី២ទៅ៣សប្តាហ៍មុនឯណោះ ខណៈការសម្រេចនេះ Angelina Jolie មិនយល់ព្រមនោះឡើយ ដោយនាងនិងក្រុមអ្នកច្បាប់ បានប្តឹងបន្តទៅឧទ្ធរណ៍បន្តទៀត ជុំវិញសិទ្ធចិញ្ចឹមកូនៗទាំង៦នាក់។

ប្រភពបានឲ្យដឹងថា សវនាការបន្តរបស់តារាហូលីវូដជួរមុខទាំងពីរនេះ នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ខាងមុខបន្តទៀត នៅតុលាការរដ្ឋកាលីហ្វ័រញ៉ា។

គួរជម្រាបថា គូស្វាមីតារាហូលីវូដ Brad Pittt និង Angelina Jolie បានប្រកាសបញ្ចប់ទំនាក់ទំនងប្តីប្រពន្ធក្នុងឆ្នាំ ២០១៦ ប៉ុន្តែរឿងក្តីលែងលះរវាងអ្នកទាំងពីរនៅមិនទាន់បញ្ចប់នោះទេ ព្រោះតែការទាមទារសិទ្ធក្នុងការចិញ្ចឹមកូនៗទាំង៦នាក់៕