(ក្រុងឡុងដ៍)៖ កីឡាករបាល់ទាត់ Marcus Rashford តារាឆ្នើមរបស់ Manchester United បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឲ្យជួយរកយុត្តិធម៌ ក្រោយរងការជេរប្រមាថ និងរើសអើងពូជសាសន៍យ៉ាងចាស់ដៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Guardian នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ការប្រមាថនេះបានកើតឡើងបន្ទាប់ពីក្រុមបាល់ទាត់ Villarreal បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាល ២០២០-២០២១ ក្រោយយកឈ្នះគូប្រជែង Manchester United ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ១១ទល់នឹង ១០។

សារព័ត៌មានខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា «Marcus Rashford បានផ្ញើពាក្យបណ្តឹងរបស់ខ្លួនដោយស្ងាត់ៗទៅកាន់នគរបាល បន្ទាប់ពីគាត់រងការប្រមាថយ៉ាងធ្ងន់ធ្ងរលើបណ្តាញសង្គម»។

ការជេរប្រមាថ និងរើសអើង Marcus Rashford បានក្លាយជាព័ត៌មានដ៏ក្តៅជុំវិញពិភពលោក ខណៈសារព័ត៌មានជាច្រើន បានយកករណីនេះដាក់នៅលើទំព័រមុខ។

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះ បាននិយាយថា គាត់បានទទួលសារជេរប្រមាថលើសពី ៧០ហើយមកដល់ពេលនេះ។ សារទាំងនោះ ត្រូវបានបញ្ជូនទៅកាន់នគរបាល តាមរយៈក្លិបគាត់ដោយផ្ទាល់តែម្តង។

បណ្តាញសង្គម Instagram បានបញ្ជាក់ថា ខ្លួនបានលុបចោលសារប្រមាថដោយផ្ទាល់ទៅកាន់កីឡាករវ័យ ២៣ឆ្នាំខាងលើពេញមួយយប់ ហើយសាររើសអើងនោះទៀតសោត ក៏ឃើញមានលើបណ្តាញសង្គម Twitter ផងដែរ។

នៅក្នុងការបង្ហោះទៅកាន់អ្នកតាមដានខ្លួន ៤.៥លាននាក់ Marcus Rashford និយាយថា «យ៉ាងហោចណាស់ មានសារប្រមាថប្រមាណ ៧០សារ លើគណនីរបស់ខ្ញុំ បើគិតមកដល់ពេលនេះ។ សូមសរសើរសម្រាប់អ្នកទាំងឡាយ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែពិបាក ជាងខ្ញុំបានទទួលរួចហើយនោះ»។

គួរជម្រាបថា កាលពីដើមខែមករា ឆ្នាំ២០២១ កីឡាករបាល់ទាត់ Marcus Rashford ក៏ធ្លាប់ទទួលការប្រមាថដូចគ្នានេះដែរ បន្ទាប់ពីក្រុមខ្លួនទទួលបានលទ្ធផល ០ ទល់ ០ ជាមួយក្រុម Arsenal។

ថ្មីៗនេះដែរ ក្រុមកីឡាករស្បែកខ្មៅ និងមិត្តភក្តិរបស់ Marcus Rashford សុទ្ធតែទទួលបានការប្រមាថ និងរើសអើងពូជសាសន៍ទាំងអស់ ខណៈនៅទ្វីបអឺរ៉ុប ការរើសអើងជនជាតិស្បែកខ្មៅនៅតែជាបញ្ហាធំ ដែលពិភពលោកព្យាយាមលុបបំបាត់បំផុត៕