(លីវើភូល)៖ ក្លិបបាល់ទាត់ Liverpool បានយល់ព្រមទិញកីឡាករខ្សែការពារកណ្តាល Ibrahima Konate ក្នុងតម្លៃ ៣៥លានផោនពីក្លិបអាល្លឹម៉ង់ RB Leipzig ដែលលេងនៅ Bundesliga នាពេលបច្ចុប្បន្ន។

banner

ខ្សែការពារអន្តរជាតិបារាំង វ័យ ២២ឆ្នាំខាងលើនេះធ្វើតេស្តសុខភាព រួមទាំងព្រមព្រៀងលក្ខខណ្ឌផ្ទាល់ជាមួយ Liverpool រួចរាល់ហើយ មុនពេលដំណើរផ្ទេរនឹងត្រូវធ្វើឡើងជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដាឆ្នាំនេះ ស្របពេលទីផ្សារដោះដូរកីឡាករបើកទ្វារ។

Konate ក៏ត្រូវបានបារាំងកោះហៅចូលជម្រើសជាតិ U-21 ដើម្បីចូលរួមលេងពានជើងឯកអឺរ៉ុប ឆ្នាំ២០២១ ដែលចាប់ផ្តើមប្រកួតនាថ្ងៃចន្ទសប្តាហ៍ក្រោយនេះផងដែរ ដ្បិតរូបគេបានអវត្តពេល Liverpool បានទម្លាក់ RB Leipzig ចេញពី UEFA Champions League រដូវកាលនេះពីក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

Konate ដែលបានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិប Sochaux នោះ ចូលលេងបាន ២១ប្រកួតក្នុងក្លិប RB Leipzig នារដូវកាលនេះ នៅពេលដែលពួកគេ (RB) បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាលនេះ៕