(តូរីន)៖ លោក Massimiliano Allegri ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប Juventus វិញ តែប៉ុន្មានម៉ោង ក្រោយពេលសេះបង្កង់មួយនេះបញ្ចប់តំណែងលោក Andrea Pirlo ដែលដឹកនាំបានតែ ១រដូវកាលប៉ុណ្ណោះ។

បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៣ឆ្នាំ Allegri ក៏ធ្លាប់ដឹកនាំ Juventus ផងដែរនៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ជាមួយនឹងការឈ្នះពានលីគ Serie A បាន ៥សម័យកាលជាប់ៗគ្នា រួមទាំងពានទី២ Coppa Italia បាន ៤ដងទៀតផង គ្រាន់តែមិនធ្លាប់ឈ្នះពានធំ UEFA Champions League ដោយគ្រាន់តែឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ដងប៉ុណ្ណោះ។

លោក Allegri អត់ការងារធ្វើគិតចាប់តាំងពីបានចាកចេញពីក្លិបស្ថិតនៅទីក្រុង Turin មួយនេះកាលខែមិថុនា ឆ្នាំ២០១៩ ដែលតំណែងរបស់លោកត្រូវបានជំនួសដោយលោក Maurizio Sarri ដែលដឹកនាំបានតែ ១រដូវកាលដូច Pirlo ដែរ។

Juventus បានបញ្ចប់តំណែងអ្នកចាត់ការទូទៅ ៤រូបមកហើយ ហើយ Pirlo គឺជាអតីតកីឡាកររបស់ក្លិបផងដែរ គិតចាប់តាំងពីក្លិបនេះបានខកខានលើកពាន Serie A លើកដំបូងគិតចាប់តាំងពីឆ្នាំ២០១២ មក៕