(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងល្បីនិងឈានមុខគេនាពេលបច្ចុប្បន្ន Tesla បានចាប់ផ្ដើមបំពាក់កាមេរ៉ានៅចំពីមុខកៅអីរបស់អ្នកបើកបរ ដើម្បីឱ្យប្រាកដថា អ្នកបើកបរបានយកចិត្តទុកដាក់ក្នុងការកាន់ដៃចង្កូត ឬយកចិត្តទុកដាក់ក្នុងការពិនិត្យស្ថានភាពផ្លូវដែលឬទេ នៅពេលដែលប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ។

តាមពិតទៅកាមេរ៉ាសុវត្ថិភាពនេះត្រូវបានក្រុមហ៊ុន Tesla ភ្ជាប់មកជាមួយនឹងម៉ូដែល Model 3 និង Model Y ស្រេចរួចទៅហើយប៉ុន្តែដើម្បីប្រើប្រាស់មុខងារនេះបានគឺតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវតែចូលទៅបើកកាមេរ៉ានេះដោយផ្ទាល់ព្រោះក្រុមហ៊ុនបានកំណត់ឲ្យវាធ្វើការបើកដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែសម្រាប់ Model 3 និង Model Y ថ្មី គឺក្រុមហ៊ុននឹងភ្ជាប់មកជាមួយនូវកាមេរ៉ាខាងលើនេះ ដោយបានកំណត់ឲ្យវាបើកដោយស្វ័យប្រវត្តិ។

ការរៀបចំបំពាក់កាមេរ៉ាសម្រាប់រថយន្តម៉ូដែលថ្មីក៏ដូចជាកំណត់ឲ្យបើកមុខងារកាមេរ៉ាស្វ័យប្រវត្តិសម្រាប់រថយន្តចាស់ៗនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារការប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ ហើយមកទល់ពេលនេះផងដែរ ក្រុមអ្នកជំនាញនិងអាជ្ញាធរកំពុងតែស៊ើបអង្កេតទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ហើយបើសិនជារកឃើញថាក្រុមហ៊ុន Tesla បានធ្វើឱ្យមានកំហុសបច្ចេកទេសដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះគឺអាចប្រឈមមុខនឹងការផាកពិន័យ រួមនឹងផ្លូវច្បាប់ផងដែរ៕