(មូស្គូ)៖ និយតករទូរគមនាគមន៍រុស្ស៉ី លោក Roskomnadzor នៅថ្ងៃសុក្រសប្តាហ៍នេះ បានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន Walt Disney ដោយសង្កត់ធ្ងន់ថា ខ្លឹមសារភាពយន្តខ្លីចំណងជើងថា «Out» បានជះផលប៉ះពាល់ដល់កុមារនៅរុស្សី ដោយសារតែមានការបង្ហាញពីតួអង្គប្រភេទ gay ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងលិខិតនោះនិយតកររុស្សី បានធ្វើការបញ្ជាក់ថា ខ្លឹមសារនៃភាពយន្តខ្លី «Out» បានផ្ទុយពីច្បាប់រុស្ស៉ី ស្តីពីការហាមឃាត់ការចែកចាយព័ត៌មានណា ដែលមានលក្ខណៈប្រឆាំងគុណតម្លៃគ្រួសារ និងលើកកម្ពស់ទំនាក់ទំនងផ្លូវភេទ ដែលនេះត្រូវបានគេ ចាត់ទុកថា មិនតាមបែបប្រពៃណី និងជិះឥទ្ធិពលទៅកាន់កុមារនិងយុវវ័យ។

ជាធម្មតានៅក្នុងប្រទេសរុស្ស៉ី ការមានទំនាក់ទំនងរវាងអ្នកស្រឡាញ់ភេទដូចគ្នា គឺមិនខុសច្បាប់ទេ ប៉ុន្តែអ្វីដែលសំខាន់ គឺនៅឆ្នាំ២០១៣ ច្បាប់មួយត្រូវបានដាក់ចេញ ដោយហាមឃាត់ដាច់ខាត ចំពោះការចែកចាយ ឬឃោសនាអំពី ទំនាក់ទំនងផ្លូវភេទដែលគេចាត់ទុកថាខុសប្រពៃណី ដូចការស្រឡាញ់ភេទដូចគ្នានេះជាដើម ទៅកាន់កុមារ និងយុវវ័យរុស្ស៉ី។ ពេលនោះ ខាងក្រុមសិទ្ធិមនុស្ស បានថ្កោលទោសច្បាប់មួយនេះ ដោយរិះគន់ថា វាជួយបង្កើនប្រទូសភាពក្នុងសង្គម ចំពោះការស្រឡាញ់ភេទដូចគ្នា។

គួរជម្រាបថា ភាពយន្តខ្លី «Out» ត្រូវបានបញ្ចេញនៅលើ Disney + នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ យ៉ាងណាមិញ ជុំវិញការដាក់លិខិតពីសំណាក់និយតកររុស្សីដូចបានរៀបរាប់ខាងលើនេះ ភ្លាមៗគេមិនទាន់ឃើញមានការឆ្លើយតបណាមួយពី ក្រុមហ៊ុន Walt Disney នោះទេ៕