(ម៉ានីល)៖ យ៉ាងហោចណាស់មានក្រុមអត្តពលិករបស់ប្រទេសហ្វីលីពីន ៧០០នាក់ និងប្រតិភូរាប់សិបនាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ដើម្បីត្រៀមចូលរួមប្រកួតកីឡាសំខាន់ៗលក្ខណៈអន្តរជាតិ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

banner

សារព័ត៌មានខាងលើបានរាយការណ៍ថា ក្រុមអត្តពលិកហ្វីលីពីនប្រមាណ ៧០០នាក់ រួមទាំងប្រតិភូរាប់សិបនាក់ទៀតបានចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងម៉ានីល ដើម្បីត្រៀមទៅចូលរួមការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Tokyo Olympics) និងកីឡា Southeast Asian Games។

កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ ១លាន ៥សែនដូស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលហ្វីលីពីន។

គិតត្រឹមកាលបរិច្ឆេទដដែល ប្រទេសហ្វីលីពីនមានវ៉ាក់សាំងកូវីដ១៩ ជាង ៥លាន ៥៤សែនដូស ខណៈមានប្រភេទស៉ីណូវ៉ាក់ ៥លានដូស, អាស្ត្រាហ្សេណេកា (AstraZeneca) ជាង ៥សែនដូស និងស្ពុតនីកវីរបស់រុស្ស៉ី (Russia’s Sputnik V) ១៥ពាន់ដូស។ បន្ថែមលើនេះហ្វីលីពីន ក៏ធ្លាប់ទទួលបានជំនួយវ៉ាក់សាំងចិន ប្រភេទស៉ីណូហ្វាម (Sinopharm) ចំនួន ១ពាន់ដូសផងដែរ។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្កូ ឌូតឺតេ (Rodrigo Duterte) បានចាក់វ៉ាក់សាំងស៉ីណូហ្វាម ដូសទី១រួចហើយដែរកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មុនវ៉ាក់សាំងស៉ីណូវ៉ាក់មកដល់ ១ថ្ងៃ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលមានវ៉ាក់សាំងជាង ២លានដូស ត្រូវបានចែកចាយទូទាំងប្រទេស ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្តើមឡើងនៅខែមីនា ឆ្នាំ២០២១។ រដ្ឋាភិបាលហ្វីលីពីនធ្លាប់បានអះអាងថា ក្នុងចំណោមប្រជាជនខ្លួន ១០៨លាននាក់ យ៉ាងហោចណាស់មាន ៧០លាននាក់ ត្រូវតែទទួលបានវ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំសហគមន៍នៅដំណាច់ឆ្នាំ២០២១ នេះ៕