(អាមេរិក)៖ តារាទូរទស្សន៍ល្បីឈ្មោះ និងជាមហាសេដ្ឋីប្រាក់លានដុល្លារ គឺ Kim Kardashian បានដាច់ចិត្តទម្លាយពីមូលហេតុមួយចំនួន នៅពីក្រោយការឆ្លងជំងឺកូវីដ-១៩ រាតត្បាតចូលដល់ក្នុងគ្រួសាររបស់នាង ដែលធ្វើឲ្យកូនៗចំនួន៤នាក់ រួមទាំងនាងផ្ទាល់ បានឆ្លងជំងឺមួយនេះ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈវីដេអូកម្មវិធីមួយមានឈ្មោះថា «Keeping Up With The Kasrdashian» ដែលចេញផ្សាយនាពេលថ្មីៗនេះ តារាទូរទស្សន៍ Kim Kardashian បានបញ្ជាក់ថា នាងនិងកូនៗ ពិតជាបានឆ្លងជំងឺកូវីដ-១៩មែន។ មូលហេតុពិតនៃការឆ្លងជំងឺក្នុងគ្រួសាររបស់នាង គឺដោយសារតែកូនប្រុសអាយុ៥ឆ្នាំម្នាក់របស់នាងមានឈ្មោះថា Saint បានឆ្លងជំងឺនេះនៅសាលារៀន ហើយក៏បន្តចម្លងដល់សមាជិកគ្រួសារផ្សេងទៀតក្នុងផ្ទះតែម្តង។

តារាល្បី Kim Kardashian ទើបតែទម្លាយឲ្យដឹងតាមរយៈកម្មវិធីខាងលើ ពីមូលហេតុដែលនាង និងកូនៗបានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភាម្សិលមិញនេះទេ ខណៈនាងបានឆ្លងជំងឺនេះតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ។ ជាពិសេស ដោយសារតែការឆ្លងជំងឺកូវីដ-១៩ ទាំងគ្រួសារនេះ បានធ្វើឲ្យភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលនាងត្រូវបំពេញកិច្ចការ ត្រូវបានផ្អាកអស់រយៈពេល២សប្តាហ៍។

គួរជម្រាបថា ការចេញមកបញ្ជាក់ពីមូលហេតុនៃការឆ្លងជំងឺកូវីឌ-១៩ របស់ Kim Kardashian ខាងលើក៏ដើម្បីបំបាត់ពាក្យចចាមអារ៉ាមមួយចំនួនដែលបានលើកឡើងថា នាងនិងកូនៗបានឆ្លងជំងឺកូវីដ-១៩ ដោយសារការធ្វើដំណើរទៅកំសាន្តនៅថ្ងៃខួបកំណើតរបស់នាង ខណៈការលើកឡើងបែបនេះត្រូវបាន Kardashian បដិសេដដោយអះអាងថា បានឆ្លងពីកូនរបស់នាង ដែលត្រូវបានរកឃើញវីរុសនេះដំបូងគេ បន្ទាប់ពីកូននាងឆ្លងពីសិស្សសាលាជាមួយគ្នា៕