(ម៉ាឌ្រីដ)៖ ខ្សែការពារជនជាតិអូទ្រីស កីឡាករ David Alaba បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំលេងឲ្យក្លិបអធិរាជស Real Madrid បន្ទាប់ចប់កិច្ចសន្យា ១៣ឆ្នាំជាមួយ Bayern Munich។ នេះបើតាមការបញ្ជាក់ពីក្លិបលំដាប់កំពូលរបស់អេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

banner

ការប្រកាសពីការចុះហត្ថលេខារបស់កីឡាករវ័យ២៨ឆ្នាំនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Zinedine Zidane បានលាឈប់ពីតំណែងគ្រូបង្វឹករបស់ក្លិប Real Madrid ជាលើកទី២ ទៀត។

«Real Madrid បានសម្រេចកិច្ចសន្យាជាមួយ David Alaba ដែលនឹងចូលមកលេងនៅក្លិបសម្រាប់ ៥រដូវកាលខាងមុខ» នេះបើតាមក្លិប Real Madrid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា Alaba នឹងបង្ហាញខ្លួនជាកីឡាកររបស់ Real បន្ទាប់ពីចប់ព្រឹត្តិការណ៍ Euro 2020 ជាមួយក្រុមជម្រើសជាតិអូទ្រីស។

ខ្សែការពារឆ្នើមរូបនេះបានទទួលជោគជ័យយ៉ាងខ្លាំងជាមួយ Bayern Munich ដោយបានឈ្នះពានរង្វាន់ Champions League ២លើក និងពានរង្វាន់លីគ Bundesliga ចំនួន ១០លើកផ្សេងទៀត។

គួររំលឹកថា Alaba បានលើកឡើងកាលពីខែកុម្ភៈថា លោកនឹងចាកចេញពី Bayern នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ នៅពេលចប់រដូវកាលនេះឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពីលេងបាន ១៣ឆ្នាំជាមួយក្លិបរបស់អាល្លឺម៉ង់នេះ។

Alaba និងក្លិប Bayern ធ្លាប់បានជជែកគ្នាអំពីកិច្ចសន្យាថ្មីដែរ ប៉ុន្តែក្លិបបានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ថា ការចរចាបានបរាជ័យ ដោយសារបញ្ហាប្រាក់ខែកីឡាករ៕