(ព័រតូ)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ប្រចាំរដូវកាល ២០២០-២០២១ នេះ ក្រោយពេលយកឈ្នះគូប្រជែង Manchester City ក្នុងលទ្ធផល ១-០ នៃវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅនារាត្រីម៉ោង ២៖០០នាទីយប់ឈានចូលថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ដែលមានអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋានប្រមាណជាង ២ម៉ឺននាក់ផងនោះ Chelsea បានយកឈ្នះក្រុមមកពី Premier League ដូចគ្នាត្រឹម ១-០ ទាំងប្រផិតប្រផើយពីការធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Kai Havertz នៅពេលទទួលបាល់ពី Mason Mount នៅនាទី៤២ ចុងម៉ោងវគ្គទី១។

នេះជាលើកទី២ ផងដែរសម្រាប់ Chelsea ដែលឈ្នះជើងឯក UCL នៅពេលឈ្នះលើកទី១ កាលឆ្នាំ២០១២ នៅទឹកដីអាល្លឺម៉ង់ ពេលយកឈ្នះ Bayern Munich ដែលជាពានដំបូងសម្រាប់អ្នកចាត់ការទូទៅ Thomas Tuchel ក្នុងរដូវកាលដំបូងរបស់លោក ក្រោយចូលកាន់តំណែងនេះជំនួសលោក Frank Lampard ក្រោមកិច្ចសន្យា ១៨ខែនៅទឹកដី Stamford Bridge។

លើសពីនេះទៀត Chelsea ជាក្រុមទី៣ របស់អង់គ្លេសដែលឈ្នះ Champions League លើសពី ២ដងបន្ទាប់ពី Liverpool ឈ្នះក្នុងឆ្នាំ២០០៥ និងឆ្នាំ២០១៩ និង Manchester United ឈ្នះក្នុងឆ្នាំ១៩៩៩ និងឆ្នាំ២០០៨ បន្តផ្តល់ការខកចិត្តដល់ City ដែលមិនទាន់ស្គាល់រសជាតិពាននេះម្តង នៅពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងដែលដឹកនាំដោយលោក Pep Guardiola៕