(ភ្នំពេញ)៖ តើការបែងចែកទ្រព្យរួមដោយតុលាការមានលក្ខណៈយ៉ាងដូចម្ដេច? តើតុលាការធ្វើការសម្រេចបែងចែកទ្រព្យរួមដោយពិចារណាលើស្ថានភាពអ្វី?

banner

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោង ស្តីពី ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការបែងចែកទ្រព្យរួមដោយតុលាការ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត។

នៅពេលដែលពាក្យបណ្តឹងលែងលះ ឬពាក្យសុំលែងលះ ត្រូវបានដាក់ទៅតុលាការ ប្តី ឬ/និង ប្រពន្ធ អាចទាមទារឱ្យតុលាការបែងចែកទ្រព្យសម្បត្តិរួមបាន ប្រសិនបើប្តីប្រពន្ធពុំអាចពិភាក្សាបែងចែកទ្រព្យរួមតាមការព្រមព្រៀង ។

តុលាការនឹងធ្វើការបែងចែកទ្រព្យសម្បត្តិរួម ដោយផ្អែកតាមបញ្ញត្តិច្បាប់ (មាត្រា ៩៨០ កថាខណ្ឌទី២ ចំណុច «ខ» នៃក្រមរដ្ឋប្បវេណី)។ ជាគោលការណ៍ ប្តីប្រពន្ធត្រូវទទួលសិទ្ធិលើចំណែកទ្រព្យរួម១ ភាគ ២ ម្នាក់ ប៉ុន្តែក្នុងករណីមានប្តីប្រពន្ធណាម្ខាងទាមទារលើសពីគោលការណ៍នេះ និងមានស្ថានភាពពិសេសដូចជា ទំហំនៃការបរិច្ចាគរបស់ប្តី ឬប្រពន្ធចំពោះលទ្ធកម្មនៃទ្រព្យសម្បត្តិរួម ជាអាទិ៍ តុលាការអាចបែងចែកចំណែកទ្រព្យរួមផ្ទុយពីគោលការណ៍ ១ភាគ២ ម្នាក់។
សម្មតិកម្មខាងក្រោម នឹងបង្ហាញអំពីស្ថានភាពពិសេសនេះ៖

* «ក» ជាប្តី «ខ» ជាប្រពន្ធ
* «ខ» បានដាក់ពាក្យបណ្តឹងលែងលះ «ក» និងទាមទារឱ្យតុលាការបែងចែកទ្រព្យរួម
* ទ្រព្យសម្បត្តិរួមសរុប 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក (ប្រាក់សន្សំ 5,000 (ប្រាំពាន់) ដុល្លារអាមេរិក និងដី L តម្លៃបច្ចុប្បន្ន 15,000 (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក)
* ដី L ពេលទិញតម្លៃ 10,000 (មួយម៉ឺន) ដុល្លារអាមេរិក ដោយបានយកលុយដែលជាទ្រព្យដោយឡែករបស់ «ក» ចំនួន 8,000 (ប្រាំបីពាន់) ដុល្លារអាមេរិក និងលុយរួមចំនួន 2,000 (ពីរពាន់) ដុល្លារអាមេរិក។ «ក» បានស្នើសុំឱ្យតុលាការបែងចែកចំណែកដី L មកឱ្យខ្លួន ក្នុងចំណែកច្រើនជាង «ខ» ដោយសំអាងថា «ក» បានបរិច្ចាគទ្រព្យដោយឡែកជាច្រើនក្នុងការទិញ ដី L ដែលជាទ្រព្យរួម។

តើតុលាការត្រូវបែងចែកទ្រព្យសម្បត្តិរួមដូចម្តេច?

១៖ ចំពោះប្រាក់ 5,000 (ប្រាំពាន់) ដុល្លារអាមេរិក តុលាការនឹងសម្រេច ផ្អែកតាមគោលការណ៍ ១ភាគ២ ម្នាក់នៃសិទ្ធិលើចំណែកទ្រព្យរួម ហេតុនេះប្តីទទួលបានប្រាក់2,500(ពីរពាន់ប្រាំរយ) ដុល្លារអាមេរិក ហើយប្រពន្ធទទួលបានប្រាក់ 2,500 (ពីរពាន់ប្រាំរយ) ដុល្លារអាមេរិក។

២៖ បើតុលាការទទួលស្គាល់ការទាមទាររបស់ «ក» ដែលបានអះអាងអំពីទំហំនៃការបរិច្ចាគនូវទ្រព្យដោយឡែក ក្នុងការទិញដី L ហេតុនេះ
តុលាការនឹងបែងចែកតាមទំហំនៃការបរិច្ចាគនោះ៖

* តម្លៃដី L ពេលទិញ = 10,000 ដុល្លារអាមេរិក
* តម្លៃបច្ចុប្បន្ន= 15,000 ដុល្លារអាមេរិក
* ទំហំនៃការបរិច្ចាគ = 8,000 ដុល្លារអាមេរិក
* លុយរួមដែលយកមកទិញដី L = 2,000 ដុល្លារអាមេរិក។

តាមសម្មតិកម្មនេះ តុលាការបែងចែកទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធខាងលើនេះ ដូចតទៅ ៖

* តុលាការទទួលស្គាល់ទំហំនៃការបរិច្ចាគរបស់ «ក» (ប្តី) ដែលមានចំពោះទ្រព្យរួមគឺមានចំនួន 8,000 ដុល្លារអាមេរិក និងធៀបជាមួយតម្លៃដីនៅពេលទិញ (10,000 ដុល្លារអាមេរិក) គឺស្មើនឹង 8/10 នៃតម្លៃដីសរុបនាពេលទិញ ចំណែកលុយចំនួន 2,000 ដុល្លារអាមេរិកដែលជាទ្រព្យរួមប្តីប្រពន្ធ បើធៀបនឹងតម្លៃដីនៅពេលទិញ គឺស្មើនឹង 2/10។

* តុលាការទទួលស្គាល់តម្លៃដីនាពេលលែងលះ គឺ 15,000 ដុល្លារអាមេរិក ហេតុនេះតុលាការទទួលស្គាល់ ទំហំនៃការបរិច្ចាគរបស់ «ក» (ប្តី) ដែលមានចំពោះទ្រព្យរួមគឺមានចំនួន 12,000 ដុល្លារអាមេរិក និងទ្រព្យរួមប្តីប្រពន្ធមានចំនួន 3,000 ដុល្លារអាមេរិក។

ជាធម្មតា តុលាការនឹងបែងចែកតម្លៃដីL នេះ ជាពីរចំណែកស្មើគ្នាទៅឱ្យប្តីប្រពន្ធ ដោយប្តីទទួលបាន 7,500 ដុល្លារអាមេរិក និងប្រពន្ធទទួលបាន 7,500 ដុល្លារអាមេរិក ប៉ុន្តែដោយសារមានការទាមទារពីប្តី និងតុលាការទទួលស្គាល់ទំហំនៃការបរិច្ចាគនៃទ្រព្យដោយឡែករបស់ប្តីនៅក្នុងទ្រព្យរួមដែលជាដី L នេះ តម្រូវឱ្យតុលាការមិនអាចបែងចែកដី L នេះ តាមចំណែកស្មើគ្នានោះទេ ត្រូវដកចេញនូវទំហំនៃការបរិច្ចាគរបស់ប្តីដែលមានចំនួន 12,000 ដុល្លារអាមេរិក ហេតុនេះទឹកប្រាក់ដែលនៅសល់ (15,000 - 12,000 = 3,000) ទើបធ្វើការបែងចែកទៅឱ្យប្តីនិងប្រពន្ធតាមចំណែកស្មើៗគ្នា មានន័យថាទឹកប្រាក់ 3,000 ដុល្លារអាមេរិកនេះនឹងបែងចែកជាពីរចំណែក ដោយប្តីទទួលបាន 1,500 ដុល្លារអាមេរិក ហើយប្រពន្ធទទួលបាន1,500 ដុល្លារអាមេរិក។

ផ្អែកលើមូលដ្ឋាននេះ បច្ចុប្បន្នដី L មានតម្លៃ 15,000 ដុល្លារអាមេរិក ហេតុនេះ ចំណែកប្រាក់ដែល «ក» (ប្តី) អាចទទួលបានពីដី L នេះគឺ 12,000 + 1,500 = 13,500 ដុល្លារអាមេរិក រីឯចំណែកប្រាក់ដែល «ខ» (ប្រពន្ធ) អាចទទួលបានពីដី L នេះគឺ 1,500 ដុល្លារអាមេរិក។

សរុបមកលទ្ធផលនៃការបែងចែកទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ៖

* «ក» (ប្តី) នឹងទទួលបាន 2,500 (1/2នៃប្រាក់សន្សំ)+13,500 (9/10 នៃដី L) = 16,000 ដុល្លារអាមេរិក
* «ខ»(ប្រពន្ធ)នឹងទទួលបាន 2,500 (1/2នៃប្រាក់សន្សំ)+1,500 (1/10 នៃដី L) = 4,000 ដុល្លារអាមេរិក៕

រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់