(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានកត់អំពីជម្លោះដែនដីព្រះប្រវត្ដិសាស្រ្ដរវាងអ៉ីស្រាអែល និងប៉ាទ្បេស្ទីនថា ថ្មីៗនេះចំពោះវិបត្ដិដ៏រំជើបរំជួលពេញពិភពលោកនៃការបាញ់គ្នារវាងកងទ័ពអ៉ីស្រាអែល និងកងកម្លំាងហាម៉ាសរបស់ប៉ាទ្បេស្ទីន គឺកំពុងស្ថិតក្នុងសភាពស្ងាប់ស្ងាត់។

banner

បានន័យថាចំពោះសភាពស្ងាប់ស្ងាត់នេះ គឺបន្ទាប់ពីការប្រកាសផ្អាកឈប់បាញ់គ្នា ដោយការចរចាក្នុងរង្វង់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាតិ ដោយមានប្រទេសមេខ្លោងធំៗជាអ្នកចរចា ពោលគឺរវាងសហរដ្ឋអាមេរិកដែលកាន់ជើងអ៉ីស្រាអែល និងពិភពអារ៉ាប់ ចិន រុស្ស៊ី ដែលកាន់ជើងប៉ាទ្បេស្ទីន ពិសេសដែលមានប្រទេសអេហ្ស៊ីប និងកាតាជាមេអណ្ដើក។ ក្នុងការប្រឈមមុខដាក់គ្នានេះ បានបណ្ដាឲ្យភាគីអ៉ីស្រាអែលស្លាប់១២នាក់ រីឯខាងភាគីប៉ាទ្បេស្ទីនស្លាប់២៣២នាក់។

លោក រ័ត្ន សណ្ដាប់ បន្ដថា ចំពោះចំនួនស្លាប់ខុសគ្នានេះ ពីព្រោះការប្រើប្រាស់សព្វាវុធទំនើបខុសគ្នា។ ក្នុងនោះខាងហាម៉ាស បាញ់រ៉ូកែតរាប់ពាន់គ្រាប់ចូលដែនដីអ៉ីស្រាអែល តែជាង៣ភាគ៤ ត្រូវអ៉ីស្រាអែលបាញ់កំទេចនៅលើអាកាស រីឯអ៉ីស្រាអែល បានប្រើយន្ដហោះចម្បំាងបាញ់ប្រហារនឹងទម្លាក់គ្រាប់ពីលើមេឃតែម្ដង។ ក្នុងករណីនេះដែរ អ្វីដែលចាប់អារម្មណ៍ជាងគេនោះ កិច្ចប្រជុំចរចានៅអង្គការសហប្រជាជាតិបានចាត់តំាងឲ្យប្រទេសអេហ្ស៊ីប ជាតំណាងអ្នកសង្កេតការណ៍នៃការឈប់បាញ់គ្នានេះផងដែរ។

ដោយហេតុនេះហើយ ក៏មានសំណួរចោទសួរផងដែរថា តើការផ្អាកបាញ់គ្នាបែបតក់ក្រហល់រវាងអ៉ីស្រាអែល និងប៉ាទ្បេស្ទីន ជាដំណើរការឆ្ពោះទៅរកសន្ដិភាពដ៏យូរអង្វែងដែរឬទេ?

ចំពោះបញ្ហានេះ លោក រ័ត្ន សណ្ដាប់ បានកត់សម្គាល់យ៉ាងដូច្នោះថា ចំពោះបញ្ហានេះបើពិនិត្យពីសាវតារវិបត្ដិនេះ ហាក់ដូចជាប្លែកចំពោះមតិសាធារណ: ពិសេសនៅកម្ពុជាយើងពីព្រោះជាជម្លោះដែនដីព្រះប្រវត្ដិសាស្រ្ដ។ បើដូចនេះដើម្បីស្វែងយល់ឲ្យស៉ីជម្រៅអំពីបញ្ហានេះយើងត្រូវមើលថា តើតួណាខ្លះដែលកំពុងប្រទ្បូកក្នុងរឿងនេះ។

ក្នុងរឿងនេះចំពោះតួអង្គដៃដល់គឺអ៉ីស្រាអែល និងហាម៉ាសជាកម្លំាងទ័ពរបស់ប៉ាទ្បេស្ទីន រីឯអ្នកគំាទ្រភាគីទីមួយធំជាងគេគឺសហរដ្ឋអាមេរិក និងអ្នកគំាទ្រភាគីទីពីរ គឺពិភពអារ៉ាប់ ដែលមានព្រំដែនជាប់នឹងអ៉ីស្រាអែល ពោលប្រទេសអេហ្ស៊ីប ហ្សកដានី ស៉ីរី លីបង់ និងបណ្ដាប្រទេសជាប់សមុទ្រមេឌីតេរ៉ានេ ដោយពួកគេទំាងនោះមិនដែលចង់ឲ្យអ៉ីស្រាអែលនៅសុខទេ ព្រោះដោយសាររឿងប៉ាទ្បេស្ទីននេះឯង។

ទន្ទឹងនឹងនេះដែរ យើងគួរស្វែងយល់ទៀតថា លើពិពពលោកនេះ នរណាក៏ដឹងដែរថា ជនជាតិទាំងពីរនេះមានសង្រ្គាមដ៏យូរលង់ជាច្រើនលើកច្រើនសារណាស់ ពោលគឺការវាយប្រហារគ្នា ដណ្តើមទឹកដីធ្វើជាប្រទេសរៀងៗខ្លូន។ ពីព្រោះថាសាវតារជនជាតិទំាងពីរនេះ ពួកគេរស់នៅយ៉ាងរប៉ាតរប៉ាយ គឺអ៉ីស្រាអែលភាគច្រើននៅអឺរ៉ុប និងប៉ាទ្បេស្ទីនភាគច្រើននៅពិភពអារ៉ាប់ មានប្រទេសអេហ្ស៊ីប ហ្សកដានី ស៉ីរី ជាដើម ។

រហូតដល់ឆ្នំា១៩៤៨ ក្រោយពីសង្រ្គាមលោកលើកទី២មក ពិភពលោកក្រោមការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក ក៏បានឯកភាពបង្កើតប្រទេសអ៉ីស្រាអែល ដែលជាដំបូងមានពលរដ្ឋរស់នៅប្រមាណជិត ៣លាននាក់។ រីឯជនជាតិប៉ាទ្បេស្ទីនទាមទារដែរ តែពិភពលោកមិនបានឯកភាពទេ ដែលជនជាតិនេះមានរាប់លាននាក់ដែរ។

ម្យ៉ាងទៀតបើយើងពិនិត្យមើលពីសាវតារជម្លោះថែមទៀតនោះ យើងឃើញមានការផ្ទុះសង្រ្គាមជាច្រើនលើកច្រើនសារ យ៉ាងដូចនេះពីព្រោះជនជាតិទំាងពីរនេះឋិតក្នុងភូមិសាស្រ្ដតែមួយ។ បើហេតុនេះពួកគេរងចំាតែរកឱកាសវាយប្រហារគ្នា វាយកំទេចគ្នា មិនស្រាកស្រាន្ដទ្បើយ ពិសេសពិភពអារ៉ាប់ទំាងមូលច្រើនរួមដៃគ្នាជាមួយប៉ាទ្បេស្ទីន ចង់កំទេចអ៉ីស្រាអែល គឺមានបំណងចង់រុញអ៉ីស្រាអែលទម្លាក់ចូលទៅសមុទ្របំបាត់ពូជតែម្ដង។

រីឯអ៉ីស្រាអែលវិញ មានយុទ្ធសាស្រ្ដប្រយ័ត្នប្រយែងកម្រិតខ្ពស់បំផុត ស្ទើរតែថា នៅលើពិភពលោកនេះ មានតែប្រទេសអ៉ីស្រាអែលតែមួយគត់ ប្រទេសតូច ប្រជាជនតិច តែកម្លំាងសព្វាវុធប្រៀបបាននឹងមហាអំណាច។

លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ជាក់ស្ដែងបើយើងងាកក្រោយបន្ដិចយើងនឹងឃើញសង្រ្គាមដែលពិភពលោកនៅចំាជាងគេនោះគឺសង្រ្គាម ៦ថ្ងៃ (6-Day War) ពីថ្ងៃទី៥ដល់ថ្ងៃទី១០ មិថុនា ឆ្នំា១៩៦៧ គឺជាសង្រ្គាមកម្រជួបប្រទះលើពិភពលោក ខ្មែរយើងតែងនិយាយថាវ៉ៃរហ័សដករហ័ស មិនឲ្យសត្រូវដឹងខ្លួនមុន!។

កាលណោះ អ៉ីស្រាអែលតាមរយ:កងទ័ពពិសេស ផ្នែកស៊ើបការណ៍សម្ងាត់បានផ្ដល់ព័ត៌មានថា ប្រទេសអេហ្ស៊ីប ហ្សកដានី និងស៉ីរី ដែលកាលណោះប្រជាជនអ៉ីស្រាអែលមានប្រមាណ ៣លាននាក់ អេហ្ស៊ីប ប្រមាណ៩០លាននាក់ ហ្សកដានី ប្រមាណ១លានកន្លះ និងលីបង់ ប្រមាណជាង២លាននាក់ និងមានការចូលរួមអ៉ីរ៉ាក់ និងលីបង់ ផងដែរ រីឯសព្វាវុធមានប្រហាក់ប្រហែលគ្នា។

តែរឿងដែលសំខាន់នោះ គឺប្រទេសអ៉ីស្រាអែល បានបើកការវាយប្រហារតាមកម្លំាងទ័ពអាកាសមុន គឺយន្ដហោះប្រយុទ្ធបានចេញរាប់រយគ្រឿង បើកសំដៅទៅរកទីតំាងវាយយន្ដហោះប្រយុទ្ធរបស់ប្រទេសទំាង៣ ក្នុងពេលតែមួយក្រោយមកបានចាប់ផ្ដើមប្រយុទ្ធយ៉ាងពេញទំហឹង ទំាងកងទ័ពជើងអាកាស និងជើងគោក ដែលប្រើយន្ដហោះ រថក្រោះនិងសព្វាវុធទំនើបៗ។

បើពិនិត្យកម្លំាងទ័ពទំាងសង្ខាង កាលណោះគឺខាងអ៉ីស្រាអែល ជើងគោក៥ម៉ឺននាក់ យន្ដហោះចម្បំាង៣០០គ្រឿង និងរថក្រោះ៨០០គ្រឿង រីឯភាគីម្ខាងទៀត មានទ័ពជើងគោកសរុបដែលចេញ ច្បំាងប្រមាណ២៤ម៉ឺននាក់ យន្ដហោះចម្បំាងជិត១ពាន់គ្រឿង និងរថក្រោះ២៥០០គ្រឿងដែលភាគច្រើនធ្វើនៅប្រទេសរុស្ស៊ី។

ចូលដល់ថ្ងៃទី៥ ក្រុមប្រទេសអារ៉ាប់មើលឃើញសភាពការណ៍មិនអំណោយផល គឺពុំអាចបណ្ដោយបានតទៅទៀត។ ព្រោះការខូចខាតកាន់តែធ្ងន់ធ្ងរទៅៗ ក៏ប្រកាសសុំផ្អាកសង្រ្គាមនៅថ្ងៃទី៧ តែម្ដង ដែលសរុបលទ្ធផលខាងអ៉ីស្រាអែលបាត់បង់ជីវិតកងទ័ពជិត១ពាន់នាក់ និងរបួស៤៥០០នាក់ ត្រូវគេចាប់បានជាឈ្លើយសឹក១៥នាក់ ខ្ទេចរថក្រោះ៤០០គ្រឿងនិងហោះប្រយុទ្ធ១៥គ្រឿង។ រីឯខាងបច្ចាមិត្ដជាសរុប បាត់បង់ជីវិតជិត២ម៉ឺននាក់ ចាប់បានជាឈ្លើយសឹកជាង៥ពាន់នាក់ រថក្រោះត្រូវខ្ទេចរាប់ពាន់គ្រឿង និងយន្ដហោះជិត១០០គ្រឿង។

ជាចុងក្រោយ លោក រ័ត្ន សណ្ដាប់ យល់ថាបើដូច្នេះបើពិនិត្យមើលសភាពការណ៍បច្ចុប្បន្ន និងបរិបទសាវតារសង្រ្គាមរវាងអ៉ីស្រាអែលនិងប៉ាទ្បេស្ទីននោះគឺ៖

* ទីមួយ៖ ប្រទេសអ៉ីស្រាអែលតូចមែនពិត តែកម្លំាងមិនអាចប្រៀបបាន រីឯជនជាតិប៉ាទ្បេស្ទីន ចង់បានប្រទេសមួយដែលស្មើមុខស្មើមាត់នឹងគេលើឆាកអន្ដរជាតិ។ ម្យ៉ាងទៀតចំពោះក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ បានចាត់ប្រទេសអេហ្ស៊ីបជាអ្នកសង្កេតការណ៍ឈប់បាញ់គ្នានេះផងដែរ ហើយដែលអ៉ីស្រាអែល តែងចាត់ទុកប្រទេសជិតខាងមួយនេះជាសត្រូវប្រវត្ដិសាស្រ្ដនោះ គឺមើលទៅដំណើរការសន្ដិភាពដ៏យូរអង្វែងហាក់ពុំសូវមានសង្ឃឹមនោះទេ។

* ទីពីរ៖ អ៉ីស្រាអែលនិងប៉ាទ្បេស្ទីន អាចដំណើរការប្រកបដោយសន្ដិភាពយូរអង្វែងបាន លុះត្រាតែប៉ាទ្បេស្ទីន ក្លាយជារដ្ឋពេញសិទ្ធិដូចអ៉ីស្រាអែល។ ចំពោះករណីនេះយើងឃើញថ្មីៗនេះសហរដ្ឋអាមេរិក ប្រឹងប្រែងដូចជាកំពុងស៊ីសងតែម្ដង ដោយប៉ុន្មានថ្ងៃនេះរដ្ឋមន្រ្ដីការបរទេសអាមេរិក លោក ប្លិ៎នកិន (Blinken) បានមកដល់មជ្ឃឹមបូព៌ាភ្លាមៗ បន្ទាប់ពីការប្រកាសផ្អាកឈប់បាញ់គ្នាមក លោកបានជួបជាមួយស្ដេច ហ្សកដានី ជួបជាមួយប្រធានាធិបតីប្រទេសអេហ្ស៊ីប ជួបជាមួយប្រធាន ប៉ាទ្បេស្ទីន ដើម្បីពិភាក្សាពីដំណើរការរក្សាសន្ដិភាពឲ្យបានយូរអង្វែង។

ទន្ទឹមនឹងនេះ អ្វីដែលសំខាន់បំផុតផងដែរនោះលោក ប្លិនកិន អាចនឹងប្រលយពាក្យរបស់លោកប្រធានាធិបតី ចូប៉ៃដិន ថានឹងជ្រោមជ្រែងឲ្យមានការបង្កើតរដ្ឋប៉ាទ្បេស្ទីន ដែលពួកគេទាមទារយ៉ាងទទូចជាង៦០ឆ្នំាមកហើយ។ នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ លោក ប៉ៃដិន និងលោក ពូទីន នឹងជួបប្រជុំកំពូលជាមួយគ្នានៅទីក្រុងហ្សឺណែវ៕