(ពិភពលោក)៖ ក្នុងសង្គមដើមដំបូង មនុស្សមានហេតុផលចាំបាច់មួយចំនួន ដែលបានជំរុញឱ្យពួកគេត្រូវតែបង្កើតភាសាឡើងមក។ ខាងក្រោមនេះជាដំណើរដមចមនៃការបង្កើតភាសាដំបូងរបស់មនុស្ស។

ភាសាបានធ្វើឱ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នា ឬងាយស្រួលប្រាប់ពីសញ្ញាដល់គ្នាទៅវិញទៅមកក្នុងពេលបរបាញ់។ ភាសាក៏ផ្តល់នូវភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ឬសម្រាប់ប្រើនៅពេលដែលពួកគេបែងចែកអាហារ ឬសាច់សត្វដែលប្រមាញ់បាន។

មនុស្សដើមដំបូងបានបង្ហាញនូវប្រពៃណីរបស់ពួកគេ មិនត្រឹមតែតាមរយៈភាសាតែមួយមុខនោះទេ។ ពួកគេក៏បង្ហាញតាមរយៈការបង្កើតសិល្បៈនានា និងជំនឿផ្សេងៗផងដែរ។ ពួកគេចេះសូនរូបផ្សេងៗចេញពីថ្ម ភ្លុកសត្វ និងឆ្អឹង។ ពួកគេបានគូរគំនូរនៅលើជញ្ជាំងក្នុងល្អាងដែលពួកគេរស់នៅ ដែលបានពិពណ៌នាពីមនុស្ស និងសត្វព្រៃ។

អ្នកជំនាញមិនទាន់ប្រាកដនៅឡើយទេថា ហេតុអ្វីបានជាពួកគេបង្កើតសិល្បៈទាំងនោះឡើងមក។ វាអាចជាការបង្រៀនដល់កូនចៅរបស់ពួកគេពីប្រភេទសត្វ ឬពីរបៀបក្នុងការបរបាញ់ ឬក៏ជាតំណាងឱ្យជំនឿអ្វីមួយក៏អាចថាបានដែរ។

សម្រាប់ជំនឿសាសនាវិញ បើយោងតាមការស្រាវជ្រាវ អ្នកជំនាញនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា ហេតុអ្វីបានជាពួកគេធ្វើបែបហ្នឹង? តើពួកគេធ្វើពិធីបែបហ្នឹងមានបំណងអ្វី? ក្រុមបុរាណវិទូមួយចំនួនបានធ្វើការកំណាយទៅលើផ្នូរបុរាណមួយកន្លែង ហើយបានរកឃើញថា មនុស្សបានដាក់ចំណីអាហារ និងវត្ថុផ្សេងៗទៀតទៅជាមួយសាកសព។

តាមរយៈការរកឃើញនេះ បើទោះបីជាយើងមិនបានដឹងអ្វីឱ្យបានលម្អិតជាងនេះ ក៏ក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា អ្វីដែលបានរកឃើញទាំងអស់នេះវាជាភស្តុតាងបញ្ជាក់ថា មនុស្សជាតិយើងបានបង្កើតនូវជំនឿផ្សេងៗតាំងតែពីសម័យកាលយុគថ្មមកម៉្លេះ ២.៦ លានឆ្នាំ មកដល់ ១ ម៉ឺនឆ្នាំមុន៕