(ប៉ារីស)៖ Paris Saint-Germain បដិសេធមិនឲ្យអ្នកចាត់ការទូទៅ Mauricio Pochettino ចាកចេញពីក្លិប ដើម្បីបានទៅដឹកនាំក្លិបចាស់ Tottenham Hotspur ឡើយ បើទោះបីជាក្លិបអង់គ្លេសកំពុងទាក់ទងយកទៅវិញក៏ដោយ។

តាមរយៈការចេញផ្សាយដោយគេហទំព័រ BBC បានឲ្យដឹងនាពេលថ្មីៗនេះ ក្រោយបិទរដូវកាល ២០២០-២០២១ ក្លិបលេងនៅ Premier League, Spurs បានទាក់ទងលោក Pochettino ត្រឡប់ទៅវិញ ដ្បិតអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនខាងលើមានទំនាក់ទំនងស្អិតល្មួតជាមួយប្រធានក្លិប លោក Daniel Levy ស្របពេលកៅអីគ្រូបង្គោលនៅទំនេរនៅឡើយ។

បុរសវ័យ ៤៩ឆ្នាំ Pochettino ធ្លាប់បានចំណាយពេល ៥ឆ្នាំដឹកនាំ Spurs ដោយមិនបានឈ្នះពានណាមួយឡើយ ក្រៅពីជួយក្លិបនៅភាគខាងជើងទីក្រុង London មួយនេះរងជើងឯកពានធំ UEFA Champions League បានម្តងកាលឆ្នាំ២០១៩ មុនពេលលាឈប់នៅដើមរដូវកាលបន្ទាប់។

Pochettino ក៏ត្រូវបានតែងតាំងឲ្យដឹកនាំក្លិបអ្នកមានបារាំង PSG នៅក្រោយពេលបញ្ចប់តំណែងលោក Thomas Tuchel តែប៉ុន្មានថ្ងៃប៉ុណ្ណោះនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១៕