(ម៉ាណាម៉ា)៖ ស្របពេលក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារ៉ែនដោយសុវត្ថិភាពកាលពីចុងសប្ដាហ៍កន្លងទៅ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា ក៏បានធ្វើដំណើរទៅដល់ទីនោះផងដែរ ដើម្បីដឹកនាំកូនក្រុមត្រៀមការប្រកួតសេសសល់ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូលC (ជុំទី២)។

banner

នេះគឺជាបេសកកម្មលើកដំបូងដែលអតីតខ្សែបម្រើជម្រើសជាតិជប៉ុន លោក Keisuke Honda បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ដល់សេចក្ដីទុកចិត្ត និងបានប្រកាសបន្ដកិច្ចសន្យាថ្មីរហូតដល់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការធ្វើការផ្ទាល់លើកដំបូង ជាមួយគ្រូបង្វឹកថ្មីដែលជាជនជាតិដូចគ្នា គឺលោក Ryu Hirose ផងដែរ។

បន្ទាប់ពីធ្វើដំណើរទៅដល់ទឹកដីកណ្ដាលនៃការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកខាងលើ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda បានចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភាម្សិលមិញ ក្រោយប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់បានទទួលលទ្ធផលអវិជ្ជមានគ្រប់គ្នាក្នុងការធ្វើតេស្ដរកជំងឺកូវីដ-១៩ នៅបារ៉ែន។

គួរដឹងថា មុនចាកចេញពីមាតុភូមិ ក្រុមគោព្រៃកម្ពុជា ពុំបានប្រមូលផ្ដុំហ្វឹកហាត់ ឬប្រកួតមិត្តភាពនោះទេ ដោយលោក Ryu Hirose បានកោះហៅកីឡាករ ២៤រូប ធ្វើដំណើរទៅប្រទេសបារ៉ែន និងហ្វឹកហាត់នៅទីនោះតែម្ដង ពោលគឺកម្ពុជាមានពេលតែ ៤ថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួត ៣ប្រកួតចុងក្រោយក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022។

សម្រាប់កម្មវិធីប្រកួត ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជារួមមាននៅថ្ងៃទី០៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា), ថ្ងៃទី០៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់ នាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់ នាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល C ក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាងដោយមាន ១១ពិន្ទុក្នុងដៃ ខណៈបារ៉ែនឈរលេខ២ និងមាន ៩ពិន្ទុ ហើយក្រុមខ្លាំងអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតក្នុងដៃកំពុងឈរលេខ៣ និងមាន ៦ពិន្ទុ។ ចំណែកកម្ពុជា ឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លយកាត់ ៥ប្រកួត ស្មើ១ និងចាញ់៤ កាលពីឆ្នាំ២០១៩ កន្លងទៅ៕