(ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានបញ្ចូនទៅព្យាបាលជំងឺកូវីដ-១៩ នៅដឹព្រីមៀសែនសុខ កាលពីថ្ងៃទី២២ ឧសភា កន្លងទៅ រហូតមកទល់នឹងពេលនេះតារាស្រី ម៉ិច ម៉ារីកា នៅមិនទាន់ជាសះស្បើយនោះទេ។ ទោះជាបែបនេះក្តី តារាសម្តែងទឹកមុខញញឹមមានមន្តស្នេហ៍ ម៉ិច ម៉ារីកា ប្រាប់ថានាងមិនមានអាការៈអ្វីធ្វើទុក្ខធំដុំនោះទេ ពោលគឺហាក់ល្អប្រសើរច្រើនជាងមុន និងសង្ឃឹមថា បានជាសះស្បើយឆាប់ៗ។

តារាសម្តែង ម៉ិច ម៉ារីកា បានថ្លែងប្រាប់ Fresh News Plus ថា ចាប់តាំងពីមកព្យាបាល បច្ចុប្បន្ននេះសុខភាពរបស់នាងហាក់មិនមានអ្វីធ្វើទុក្ខនោះទេ ពោលដូចធម្មតាតែម្តង។ នាងនិយាយថា «ដូចជានៅក្នុងខ្លួនដូចអត់ផងបង និយាយទៅអាចនិយាយបានថា វាធម្មតាគ្រប់យ៉ាង គ្រាន់តែថាពេលចូលសម្រាកព្យាបាលដំបូងដូចជាពិបាកផ្លូវចិត្ត ពិបាកទទួលយក តែពេលនេះគឺធម្មតាបង»

នាងបន្តថា «ប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានសំគាល់មើលខ្លួនឯងពោលគឺមានភាពធម្មតាទាំងអស់ ទាំងការដកដង្ហើម គឺអត់មានថប់នោះទេ កំដៅក៏មិនក្តៅនោះដែរ អាចនិយាយបានថា ល្អប្រសើរច្រើន»

ជាមួយគ្នានេះ តារាសម្តែង ម៉ិច ម៉ារីកា បានអំពាវនាវដល់ប្រជាជនខ្មែរ ក៏ដូចជាអ្នកគាំទ្រ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន និងកុំប្រហែលជាមួយជំងឺកូវីដ-១៩ឲ្យសោះ ទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ក្តី។

គួរជម្រាបថា កញ្ញា ម៉ិច ម៉ារីកា គឺជាតារាសម្តែងស្រីមួយរូប ដែលតែងតែលេចវត្តមានសម្តែងក្នុងរឿងភាគខ្មែរជាច្រើន។ ជាមួយទឹកមុខស្រស់ស្រាយមានមន្តស្នេហ៍ តារាស្រីរូបនេះ ហាក់មានទីផ្សារគួរឲ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ។ ក្រោយធ្វើតេស្តឃើញវត្តមានជំងឺកូវីដ-១៩ ម៉ិច ម៉ារីកា ត្រូវបានបញ្ចូនទៅព្យាបាលនៅ ដឹព្រីមៀសែនសុខ កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០២១៕