(ពិភពលោក)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សកាលពីសម័យបុរេប្រវត្តិ វិស័យកសិកម្មគឺពិតជាមានសារសំខាន់ខ្លាំងណាស់។ តើមានមូលហេតុយ៉ាងណាខ្លះដែលជំរុញឱ្យមនុស្សចេះធ្វើកសិកម្មលើកដំបូង?

ជាទូទៅ ប្រសិនបើគេនិយាយអំពីជីវិតអ្នកបរបាញ់ ច្បាស់ណាស់ថាពួកគេពិតជាមានជំនាញខាងប្រមាញ់សត្វគ្រប់ប្រភេទទាំងតូចទាំងធំ ហើយលើសពីនេះទៅទៀត ពួកគេថែមទាំងដឹងទៀតថា នៅទីណាមាន និងមិនសូវសត្វព្រៃច្រើន ហើយរឹតតែដឹងទៀតថា តំបន់ណាដែលបរបាញ់ប្រកបដោយសុវត្ថិភាព និងតំបន់ណាដែលអាចមានគ្រោះថ្នាក់ដោយសារសត្វព្រៃកាចសាហាវផ្សេងៗ។

ចំណែកឯអ្នកប្រមូលផលវិញ ក៏មិនខុសពីអ្នកបរបាញ់ដែរ ពួកគេស្គាល់ទីកន្លែងដែលអាចរកផ្លែឈើ គ្រាប់ធញ្ញជាតិ និងអ្វីៗផ្សេងទៀតមកធ្វើជាអាហារបាន។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយរដូវកាលទៅមួយរដូវកាល ពួកគេតែងតែសង្កេតឃើញថា នៅពេលណាដែលពួកគេបរិភោគផ្លែឈើ ឬអ្វីៗផ្សេងទៀត ហើយពួកគេបានបោះចោលគ្រាប់ ផ្លែឈើ ឬធញ្ញជាតិទាំងនោះចោលទៅលើដី នៅពេលណាមួយ ឬនៅរដូវកាលណាមួយ ដែលពួកគេបានវិលមករកចំណីអាហារនៅទីកន្លែងនោះវិញ ពួកគេបានសង្កេតឃើញថាមានដើមឈើ និងដើមរុក្ខជាតិមួយចំនួនបានដុះលូតលាស់ឡើង និងចេញជាផ្លែផ្កាសាជាថ្មី។ ទាំងនេះហើយដែលជាចំណុចចាប់ផ្តើមនៃគំនិតក្នុងការធ្វើកសិកម្មដំបូងរបស់មនុស្សជាតិយើង។

អ្នកជំនាញបានបែងចែកយុគថ្មជាបីដំណាក់កាលផ្សេងៗគ្នានោះ គឺយុគថ្មចាស់ យុគថ្មកណ្តាល និងយុគថ្មថ្មី។ បន្ទាប់ពីដំណាក់កាលយុគថ្មចាស់ និងយុគថ្មកណ្តាលបានបញ្ចប់ទៅ មនុស្សបានឈានមួយជំហានឆ្ពោះទៅរកការអភិវឌ្ឍដ៏អស្ចារ្យមួយ។ ដំណាក់នៃការអភិវឌ្ឍលើកទីបីនេះ អ្នកជំនាញបានឱ្យឈ្មោះថា យុគថ្មថ្មី (Neolithic Era)។ យុគថ្មថ្មីបានចាប់ផ្តើមនៅប្រហែល ១០០០០ ឆ្នាំមុន នៅអាស៊ីភាគនិរតី។ បើនៅតំបន់ផ្សេងទៀត យុគថ្មថ្មីបានចាប់ផ្តើមយឺតយ៉ាវជាងនេះ ហើយក៏បញ្ចប់ទៅវិញក្រោយការបញ្ចប់នៅអាស៊ីភាគនិរតីដែរ។ នៅក្នុងអំឡុងយុគថ្មថ្មី មនុស្សជាតិបានចាប់ផ្តើមរៀនពីរបៀបដុះខាត់ថ្ម ដើម្បីធ្វើឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលខ្មែរយើងតែងហៅសម័យនោះថា «យុគថ្មរំលីង»។ នៅក្នុងយុគថ្មថ្មីនេះ មនុស្សក៏បានរៀនពីរបៀបបង្កាត់ភ្លើង ប្រើប្រាស់ភ្លើងផងដែរ ដែលកាលពីនៅសម័យយុគថ្មកណ្តាល មនុស្សចេះត្រឹមគ្រប់គ្រងភ្លើង ដែលកើតចេញពីបាតុភូតធម្មជាតិ ដូចជាភ្លើងដែលកើតចេញពីរន្ទះបាញ់តែប៉ុណ្ណោះ។

បន្ទាប់ពីយុគទឹកកកបានបញ្ចប់ទៅ បរិយាកាសនៅលើភពផែនដីក៏បានប្រែប្រួលដែរ អាកាសធាតុប្រែទៅជាក្តៅហើយសើម។ នៅពេលនោះហើយដែលរុក្ខជាតិថ្មីៗ ក៏បានដុះលូតលាស់ឡើង ហើយបន្តរីកសាយភាយទៅកាន់ទីតំបន់ផ្សេងៗក្នុងទ្វីបអាស៊ីភាគនិរតី។ រុក្ខជាតិ ឬដំណាំអស់នោះមានដូចជាស្រូវសាលី (Wheat) ហើយមនុស្សក៏បានអាស្រ័យផលនឹងដំណាំទាំងអស់នោះអស់រយៈពេលជាច្រើនរយឆ្នាំ។ បន្ទាប់មកពួកមនុស្សនាសម័យនោះ តែងតែសាងសង់ទីជម្រកនៅកន្លែងណាដែលមានធញ្ញជាតិ ឬដំណាំអស់ទាំងនោះបានដុះ។

ក្រោយមកទៀត ពួកគេក៏បានរៀនពីរបៀបដាំដុះគ្រាប់ធញ្ញជាតិទាំងនោះដោយខ្លួនឯង។ អ្នកប្រវត្តិសាស្ត្របានហៅការផ្លាស់ប្តូរ ពីការប្រមូលផលតាមធម្មជាតិ មកជាការចេះផលិតភោគផលដោយខ្លួនឯងវិញនេះថាជា «បដិវត្តយុគថ្មថ្មី ឬបដិវត្តកសិកម្ម»។ អ្នកប្រវត្តិសាស្រ្ត ក៏ដូចជាអ្នកស្រាវជ្រាវដែរ គឺមានការជឿជាក់ថា បដិវត្តន៍ ឬការផ្លាស់ប្តូរនេះ ដំបូងគឺកើតមានឡើងតែនៅក្នុងសង្គមរស់នៅមួយចំនួននៅអាស៊ីភាគនិរតីតែប៉ុណ្ណោះ។ ក្រោយមកទៀត មនុស្សក៏បានរៀនពីវិធីថ្មីមួយទៀត គឺថាពួកគេចេះសម្រាំងយកតែគ្រាប់ពូជណាដែលធំៗល្អៗ ប្រសិនបើជាផ្លែឈើវិញ គឺជ្រើសរើសយកតែផ្លែឈើពូជណាដែលផ្អែមៗទៅធ្វើការដាំដុះបន្ត ដើម្បីទទួលបានផលមកវិញក្នុងចំនួនច្រើន និងសុទ្ធតែជាផលល្អៗ។ ការប្រើវិធីសាស្ត្រថ្មីមួយនេះ មនុស្សមិនបានធ្វើចំពោះតែធញ្ញជាតិ បន្លែ ផ្លែឈើ ឬរុក្ខជាតិផ្សេងៗទៀតនោះទេ គឺមនុស្សបានប្រើវិធីនេះចំពោះការចិញ្ចឹមសត្វផងដែរ ដែលយើងហៅថា «ការបង្កាត់ពូជសត្វ»

ដោយសារតែមនុស្សបានរកឃើញពីរបៀបសម្លាំងពូជ ឬបង្កាត់ពូជនេះហើយ ដែលបានធ្វើឱ្យការងារកសិកម្ម និងការងារកសិដ្ឋានមានភាពរីកចម្រើនមួយកម្រិតទៀត។ នេះហើយជាដំណាក់កាលដំបូង ដែលមនុស្សអាចផលិតស្បៀងអាហារបានគ្រប់គ្រាន់សម្រាប់តម្រូវការផ្ទាល់ខ្លួន។ សម្រាប់ការអភិវឌ្ឍវិញ ដូចបានរៀបរាប់ខាងលើនេះហើយ គឺវាបានផ្លាស់ប្តូរសង្គម និងការរស់នៅរបស់មនុស្សជាតិជារៀងរហូត ដោយគ្មានថ្ងៃវិលត្រឡប់ក្រោយបាននោះទេ។

ការរៀន និងចេះពីវិធីសាស្ត្រផលិតស្បៀងអាហារ គឺជាជោគជ័យមួយដ៏ធំធេងរបស់មនុស្សជាតិ។ រីឯការចិញ្ចឹមសត្វ បង្កាត់ពូជសត្វ និងយកសត្វមកធ្វើជាកម្លាំងអូសទាញ វាក៏ជារឿងដែលសំខាន់បំផុតដូចគ្នាដែរ ដែលមនុស្សបានរកឃើញ។ ដោយសារតែរបរចិញ្ចឹមសត្វនេះហើយ ដែលបានធ្វើឱ្យអ្នកបរបាញ់មួយចំនួនធំឈប់រវីរវល់ចេញទៅបរបាញ់សត្វព្រៃដូចកាលពីមុនទៀត។ ពួកគេបែរមកធ្វើការងារកសិដ្ឋាន រៀនរៀបចំគ្រប់គ្រងកសិដ្ឋាន ដើម្បីចិញ្ចឹមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ពួកគេចិញ្ចឹមសត្វចៀម ពពែសម្រាប់យកសាច់ ទឹកដោះ និងយករោម ស្បែកមកធ្វើជាសម្លៀកបំពាក់។ រីឯគោ ក្របី សេះវិញ ពួកគេចិញ្ចឹមទុកជាកម្លាំងអូសទាញផ្សេងៗ ជាពិសេសក្នុងការងារកសិកម្ម។ ការចេះយកកម្លាំងសត្វមកធ្វើជាកម្លាំងអូសទាញនេះ វាបានជួយឲ្យមនុស្សបានធូរស្រាលមួយកម្រិត និងព្រមទាំងបានផ្លាស់ប្តូរជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងជាលំដាប់។

បដិវត្តយុគថ្មថ្មី ឬបដិវត្តកសិកម្មនេះ បាននាំមកនូវការផ្លាស់ប្តូរដែលល្អប្រសើរ ហើយដែលនឹងមិនអាចគណនាបានទៅដល់ការរស់នៅរបស់មនុស្សជាតិនៅលើភពផែនដី។ ជាមួយនឹងស្បៀងអាហារដែលសម្បូរហូរហៀរ រួមទាំងសត្វចិញ្ចឹមជាច្រើនទៀតនោះ វាបានធ្វើឱ្យមនុស្សមិនសូវគិតខ្វាយខ្វល់តែពីបញ្ហារកចំណីអាហារ ដូចកាលពីពេលមុនទៀត។ តាមរយៈចំណុចរបត់នៃបដិវត្តន៍នេះ មនុស្សមានពេលទំនេរច្រើនជាងមុន រហូតដល់បែកគំនិតគិតគូរពីរឿងរ៉ាវជាច្រើនផ្សេងទៀត ដែលមនុស្សពីសម័យមុនៗមិនដែលបានគិត៕

ដកស្រង់៖ សៀវភៅប្រវត្តិនៃអរិយធម៌បុរាណ ភាគ១
សម្រួលអត្ថបទ៖ Fresh News Plus