(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា និង ADA (Analytics, Data, Advertising) ដែលជាក្រុមហ៊ុន ផ្ដល់សេវាទិន្នន័យ និងបញ្ញាសិប្បនិមិ្មតធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានសហការគ្នាបង្កើតនូវវិធីសាស្រ្តធ្វើទីផ្សារថ្មីចំនួន២ ដើម្បីជួយឲ្យអ្នកផ្សព្វផ្សាយ ពាណិជ្ជកម្មនានា អាចខិតចូលកាន់តែជិតអតិថិជនរបស់ខ្លួន។
ADA Reach គឺជារបៀបធ្វើទីផ្សារតាមរយៈប្រព័ន្ធទូរស័ព្ទចល័ត ដែលអនុញ្ញាតឲ្យអាជីវកម្មនានា ផ្ញើសារទៅកាន់អតិថិជនជាលក្ខណៈរូបភាព វីដេអូ ឬរូបមានចលនា(gif) ដើម្បីទទួលបានប្រសិទ្ធភាពផ្សព្វផ្សាយកាន់តែខ្ពស់ និងចំគោលដៅ។ ឯ Pleng គឺជាកម្មវិធីស្ដាប់តន្រ្តីតាមទូរស័ព្ទធំបំផុត របស់កម្ពុជាដែលមានមាតិកាច្រើនជាងគេ និងកំពុងវិវឌ្ឍន៍ខ្លួនក្លាយជាកន្លែងផ្សព្វផ្សាយដ៏ធំ និងមានប្រសិទ្ធភាពផងដែរ។
ADA Reach Cambodia powered by Smart គឺជាយុទ្ធសាស្រ្តធ្វើទីផ្សារដែលភ្ជាប់មកជាមួយនូវការវិភាគទិន្នន័យនៃអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ ផ្លាតហ្វមនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០២០ ដើម្បីបញ្ចូនសារនានារបស់ប្រ៊េនទៅកាន់មនុស្សជាង ៧.៥លាននាក់ទូទាំងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ Smart ជាមួយសេវា SMS, IVR, USSD និង Rich Media។ សេវាទាំងអស់នេះសុទ្ធតែប្រើប្រាស់អមជាមួយទិន្នន័យរបស់ប្រព័ន្ធទូរស័ព្ទ ដើម្បីស្គាល់ និងកំណត់អតិថិជនឲ្យចំគោលដៅ។
ការដាក់ចេញនូវវិធីសាស្រ្តផ្សាយពាណិជ្ជកម្ម Rich Media ដ៏សម្បូរបែបនេះ គឺជាការនាំមកនូវអន្តរកម្ម ឬការទំនាក់ទំនងផ្ទាល់ទៅវិញទៅមករវាងអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់។ ទ្រង់ទ្រាយរបស់ Rich Media គឺមានរួចជាស្រេចលើប្រព័ន្ធប្រតិបត្តិការ Android និង iOS Version 14.5 ឡើងទៅ។ ការផ្ញើសារផ្ទាល់នេះ គឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាព ដែលដាក់ចំគោលដៅអតិថិជនជាមួយទ្រង់ទ្រាយ និងពាក្យពេចន៍ដែលផលិតផល ឬសេវាកម្មនានាចង់ផ្សព្វផ្សាយ។
កម្មវិធីស្ដាប់តន្ត្រី Pleng ត្រូវបានគេដោនឡូតចំនួនជាង៤.៣លានដង និងមានចំនួនអ្នកប្រើប្រាស់ជាប្រចាំរហូតដល់ជាង៦០០,០០០នាក់ នៅកម្ពុជា។ ទិន្នន័យនេះ បានបង្ហាញថា Pleng ជាកម្មវិធីថ្មីមួយក្នុងចំណោមកម្មវិធីផ្សេងៗ ដែលមានសន្ទុះដោនឡូតច្រើនជាងគេ និងជាកន្លែងដ៏ទាក់ទាញមួយ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។
អ្នកប្រើប្រាស់ App នេះ សុទ្ធសឹងតែជាយុវវ័យដែលពោរពេញដោយភាពស្វាហាប់។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន និងអាជីវកម្មនានា អាចធ្វើការផ្សព្វផ្សាយ ពាណិជ្ជកម្ម របស់ខ្លួននៅលើ App នេះ ដោយប្រើប្រាស់ការដាក់ផ្ទាំងផ្សព្វផ្សាយ(In-App Banners) និងកែប្រែមាតិការបស់អ្នក។ ក្រៅពីផ្សព្វផ្សាយផ្ទាល់នៅលើ App ក៏មានកម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីជជែកពិភាក្សាជាច្រើនដែលនឹងធ្វើឡើងជាប្រចាំឆ្នាំផងដែរ។
អ្នកនាង Klara Grintal នាយកប្រតិបត្តិប្រចាំ ADA Cambodia បានថ្លែងថា «ចំនួនប្រជាជនកម្ពុជាមាន ១៦លាននាក់ តែចំនួនទូរស័ព្ទចល័តដែលពួកគេ ប្រើប្រាស់មានសរុបដល់ទៅ ២១ លានគ្រឿងឯណោះ។ ADA ពិតជាមានមោទនភាពដែលបានសហការជាមួយ Smart ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម ទៅអតិថិជនក្នុងបែបបទថ្មីដែលមានប្រសិទ្ធភាព និងភាពសមស្រប។ ការកំណត់ និងយល់ដឹងពីទិន្នន័យគឺជាកត្តាគោល នៃវិធីសាស្រ្តផ្សព្វផ្សាយទាំងអស់របស់យើង»។
អ្នកនាងបន្ដថា «យើងពិតជារំភើបក្នុងការប្រើប្រាស់ការវិភាគប្រព័ន្ធទូរស័ព្ទមកបង្កើតជាផ្នែកថ្មីមួយ ដែលនាំឲ្យអតិថិជនរបស់យើងអាចដាក់គោលដៅបានត្រឹមត្រូវ ស្របជាមួយការអភិវឌ្ឃន៍ថ្មី។ យើងនឹងនៅតែរិះរកមធ្យោបាយថ្មីៗដើម្បីជួយកសាងភាពជោគជ័យរបស់អតិថិជនយើង»។
លោក Sanjid Hossain នាយកគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារ Reach និងការបង្កើតថ្មីប្រចាំ ADA Cambodia បានថ្លែងថា «ចម្រៀង ជាពាក្យដែលពេញនិយមជាងគេ ក្នុងការស្វែងរកនៅលើយូធូប (YouTube) ក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើប ADA បង្កើតដំណោះស្រាយថ្មី ដែលអាចណែនាំអាជីវកម្មរបស់លោកអ្នក ទៅកាន់អតិថិជនបានកាន់តែច្រើនជាងមុន កម្មវិធីកម្សាន្តដោយប្រើប្រាស់ កម្មវិធី Pleng ដែលនឹងនាំឲ្យការផ្សព្វផ្សាយរបស់អ្នកចេញទៅចំគោលដៅ និងមានប្រសិទ្ធភាព»។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «អស់រយៈពេលមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Smart Axiata បានស្វះស្វែងបង្កើត និងពង្រឹងនូវទំនាក់ទំនងបែបទំនើប ដើម្បីជួយឲ្យអតិថិជនរបស់យើងរក្សាទំនាក់ទំនង ហើយព្រមទាំងបានជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩នេះទៀតផង។ យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីនាំមកជូននូវផលិតផលពិសេសៗ និងផ្ដល់គុណតម្លៃដល់ប្រព័ន្ធធុរកិច្ចនៅកម្ពុជា។ កិច្ចសហការជាមួយ ADA គឺជាគន្លឹះដ៏សំខាន់មួយដែលនឹងដឹកនាំយើងទៅដល់គោលដៅនោះ»៕