(ភ្នំពេញ)៖ រកឃើញម្ចាស់ជ័យលាភីពានរង្វាន់ពីកម្មវិធី «ពលរដ្ឋគំរូ Smart ឆ្នាំ២០២០» បានលើលោក ឡុញ នាង ជាលោកគ្រូនាយកសាលាចូលនិវត្តន៍វ័យ៦០ឆ្នាំ ដែលរៃអង្គាសប្រាក់ ដើម្បីជួយកុមារក្រីក្រ និងកុមារកំព្រា ដើម្បីឱ្យពួកគេទទួលបានឱកាសបន្ដការសិក្សា។
លោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំងជាជ័យលាភី នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខជន និងបេក្ខនារីវគ្គផ្តាច់ព្រ័ត្រចំនួន ១០នាក់។ លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន១០ ០០០ដុល្លារ ព្រមទាំងពានរង្វាន់មួយផងដែរ។
លោកគ្រូ ឡុញ នាង បានថ្លែងថា «ខ្ញុំមានចិត្តរំភើបរីករាយណាស់ មិនមែនរំភើបដែលបានទទួលពានរង្វាន់ ឬទឹកប្រាក់អីទេ ប៉ុន្តែជាអំពើល្អដែលខ្ញុំបានខិតខំ រយៈពេលជីវិតជាគ្រូបង្រៀន៤០ឆ្នាំមកនេះ ត្រូវបានទទួលស្គាល់។ អ្វីដែលទទួលបានថ្ងៃនេះ អ្វីដែលជោគជ័យ ក្នុងការជួយឧបត្ថម្ភសិស្សក្រីក្រនេះ គឺមានការសហការជាច្រើន ជាមួយសហការី លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សប្បុរសជន សហគមន៍ រួមទាំងព្រះសង្ឃផងដែរ។ ដោយបានខិតខំកៀរគរស្វែងរកថវិកាឧបត្ថម្ភ ដោយផ្តោតអារម្មណ៍ខ្លាំងទៅលើសិស្សក្រីក្រព្រោះថា សិស្សក្រីក្រនេះជាមុខសញ្ញាមួយ ដែលងាយរងគ្រោះក្នុងការបោះបង់ការសិក្សា»។
លោកបានបន្ដថា «ខ្ញុំសូមអរគុណចំពោះកម្មវិធីពលរដ្ឋគំរូ Smart ដែលបានជ្រើសរើសខ្ញុំជាជ័យលាភី»។
លោកគ្រូ ឡុញ នាង ក៏ធ្លាប់បានឲ្យដឹងថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីជួយដល់សហគមន៍ និងជួយគ្រូបង្រៀនក្រីក្រ និងសិស្សក្រីក្រផងដែរ។
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាព រវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។
យុទ្ធនាការនេះមានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ និងបទចម្រៀងមួយផងដែរ ដែលត្រូវបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា «បើទោះជាយើងដឹងថា នឹងមានអ្នកឈ្នះតែម្នាក់ក្តីនៅពេលចាប់ផ្តើមកម្មវិធីនេះនៅខែធ្នូឆ្នាំមុន អ្វីដែលយើងបានរកឃើញ ក្នុងពេលដំណើរការកម្មវិធីនេះគឺថា មានពលរដ្ឋកម្ពុជាជាច្រើន ដែលកំពុងធ្វើអំពើល្អ និងសកម្មភាពល្អ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយក្នុងសង្គម ហើយនេះជាអ្វីដែលកម្មវិធីនេះចង់បាន ដោយទទួលស្គាល់អ្នកដែលលះបង់ជួយយកអាសារអ្នកដទៃ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកបែបនេះ»។
គណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០រួមមាន៖ អ្នកគ្រូ នាង ផល្លា និងជាជាអតីតបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាពទាំង១០ រូបនៃពានរង្វាន់គ្រូបង្រៀនពិភពលោក និងជាគ្រូបង្រៀនសិស្សពិការភ្នែកដំបូងគេ, លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា និងជាអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន និងលោកស្រី តេង សុផាន់ណា ជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Smart Axiata។
លោក ពុយ គា តំណាងគណៈកម្មការទាំង៣រូបបានថ្លែងថា «ពានរង្វាន់ពលរដ្ឋគំរូនេះ នឹងជះឥទ្ធិពលធំណាស់ដល់សង្គមទាំងមូល តាមរយៈការរួមចំណែកពី បុគ្គលម្នាក់ៗដែលអាចធ្វើបាន ទោះបីជាជីវភាពខ្លួនឯងជួបការលំបាកក៏ដោយ ក៏នៅតែអាចធ្វើអំពើល្អជាគំរូដល់អ្នកដទៃ ហើយគំរូបែបនេះនឹងអង្រួនទឹកចិត្តយុវជន និងអ្នកដែលមានលទ្ធភាព និងធនធានឲ្យចូលរួមជួយសង្គមកាន់តែច្រើនៗឡើង»។
សូមជម្រាបថា ក្នុងរយៈពេល៦ខែ នៃដំណើរការកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឱ្យជ្រើសតាំង បេក្ខជនបេក្ខនារីតែមនុស្សប៉ុណ្ណោះ ហើយអ្នកជ្រើសតាំងត្រូវបានស្នើឱ្យផ្តល់ព័ត៌មាន ទំនាក់ទំនងលម្អិតរបស់អ្នកដែលត្រូវបានជ្រើសតាំង និងការពិពណ៌នាសង្ខេបអំពីអំពើល្អ ដែលអ្នកដែលត្រូវបានជ្រើសតាំងបានធ្វើ។
ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ បានជ្រើសតាំងអ្នកដែលពួកគេយល់ឃើញថា បានធ្វើអំពើល្អ។
អ្នកដែលត្រូវបានជ្រើសតាំងដែលសាកសមបំផុត ត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីប្រវត្តិ និងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមកអ្នករៀបចំកម្មវិធី បានចេញផ្សាយព័ត៌មានលម្អិត របស់អ្នកដែលត្រូវបានជ្រើសតាំងទាំងនោះ។
យុទ្ធនាការនេះក៏រួមមានពានរង្វាន់ ប្រជាប្រិយភាពផងដែរ ដែលត្រូវបានសម្រេចដោយ ការបោះឆ្នោតពីសាធារណៈជន។
ជ័យលាភីពានរង្វាន់ប្រជាប្រិយភាព របស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០ បានទៅលើអ្នកនាង សឿង សុថារី ដែលនឹងទទួលបានប្រាក់រង្វាន់ ចំនួន១.០០០ដុល្លារ។
អ្នកនាង សឿង សុថារី បានជាប់ជាបេក្ខនារីដែលមានប្រជាប្រិយភាពនេះ ដោយសារការងារពាក់ព័ន្ធ នឹងការការពារបរិស្ថាន ការផ្សព្វផ្សាយអំពីបរិស្ថាន ការបង្កើតផលិតធុងសំរាមបរិស្ថាន ពីសម្បកកង់រថយន្តចាស់ៗ និងការជួយយកអាសារដល់ចាស់ជរា។
យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ក៏បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕