(បរទេស)៖ រដ្ឋាភិបាលឥណ្ឌាត្រួវបានគេរាយការណ៍មកថា គ្រោងនឹងដាក់ចេញកញ្ចប់ថវិកាប្រមាណ ២០ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញ និងលើកកម្ពស់ចង្វាក់ផលិតកម្មក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក បន្ទាប់ ពីមើលឃើញថាវាកំពុងតែមានតម្រូវការខ្ពស់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Digi Times នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌា បានទទួលកញ្ចប់វិនិយោគពីបរទេស និងពីវិនិយោគិនក្នុងស្រុក ដែលមានទឹកប្រាក់ប្រមាណ ២០ពាន់លានដុល្លារអាមេរិក ដែល វាត្រូវយកទៅ ប្រើប្រាស់លើការផ្គត់ផ្គង់បន្ទះអេក្រង់ LCD ។
យោងតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ ICEA បានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ តម្រូវការបន្ទះអេក្រង់ LCD មានកំណើនខ្ពស់ដែលគិតជាទឹកប្រាក់មានចំនួនរហូតដល់ ៥.៤ពាន់លានដុល្លារអាមេរិក ហើយអាចនឹងកើនឡើងដល់ជិត ១៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នឥណ្ឌាបានក្លាយជាទីតាំងដ៏ល្អ និងទាក់ទាញសម្រាប់ការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក ដោយមានក្រុមហ៊ុនធំៗជាច្រើនបានផ្លាស់ប្ដូររោងចក្ររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ដូចជា Samsung និង Apple ជាដើម ខណៈដែលរដ្ឋាភិបាលឥណ្ឌាបានអំពាវនាវ និងអះអាងអំពីប្រាក់ឈ្នួលកម្មករថាមានស្ដង់ដារ៕