(តូក្យូ)៖ អ្នកទស្សនា នឹងតម្រូវឲ្យបង្ហាញប័ណ្ណបញ្ជាក់ថា ខ្លួនអវិជ្ជមានជំងឺ COVID-19 មុនពេលត្រូវបានអនុញ្ញាត ឲ្យចូលទៅកាន់ទីលានប្រកួត នៃព្រឹត្តិការណ៍កីឡា Tokyo Olympic, នេះបើយោងតាមសារព័ត៌មាន Yomiuri Shimbun របស់ជប៉ុន ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។

ការធ្វើតេស្តរកជំងឺកូវីដ១៩ (PCR) ត្រូវតែធ្វើឡើងក្នុងអំឡុងពេល១សប្តាហ៍ នៃការប្រកួត។ ប័ណ្ណ PCR នឹងមិនចាំបាច់នោះទេ ប្រសិនបើអ្នកទស្សនា បង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។

មន្ត្រីរដ្ឋាភិបាលមួយចំនួន បានប្រាប់សារព័ត៌មាន Yomiuri ថា ការធ្វើតេស្ត PCR អ្នកទស្សនានឹងត្រូវចំណាយប្រាក់ដោយខ្លួនឯង។

អ្នករៀបចំព្រឹត្តិការណ៍ Tokyo Olympic មកទល់ពេលនេះ មិនទាន់សម្រេចនៅឡើយនោះទេ ថាតើអ្នកទស្សនាក្នុងតំបន់ នឹងត្រូវអនុញ្ញាតឲ្យចូលរួមទស្សនាការប្រកួតឬយ៉ាងណា។

លោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការសម្រេចលើអ្នកចូលរួមទស្សនា នឹងធ្វើឡើង លុះត្រាតែការដាក់ភាពអាសន្ន ដែលគ្រប់ដណ្តប់លើទីក្រុង Tokyo និងខេត្តចំនួន៩ទៀតនោះ ត្រូវបានដកវិញ នៅថ្ងៃទី២០ ខែមិថុនាខាងមុខ៕