(រីយ៉ូ)៖ ប្រទេសប្រេស៊ីល ត្រូវបានប្រកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង Copa America ឆ្នាំ២០២១ នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់អាមេរិកឡាទីន (CONMEBOL) ១ថ្ងៃបន្ទាប់ពីបានបដិសេធប្រទេសអាហ្សង់ទីន ក្នុងការទទួលបានឯកសិទ្ធិរៀបចំការប្រកួតដ៏ធំនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនាថ្ងៃទី០១ ខែមិថុនា។

banner

ការប្រកួតដែលត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារតែស្ថានភាពមានជំងឺឆ្លងជាសកលនោះ ត្រូវបានគេសន្មត់ថា នឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន និងកូឡុំប៊ីឆ្នាំនេះ។

កាលពីសប្តាហ៍មុន CONMEBOL បានច្រានចោលការស្នើសុំពីរដ្ឋាភិបាលកូឡុំប៊ីក្នុងការពន្យារពេលការប្រកួតនេះរហូតដល់ខែវិច្ឆិកាខាងមុខ ដោយសារតែការរំខាននាពេលថ្មីៗនេះ និងមហាបាតុកម្មដែលប្រទេសមួយនេះ បាននឹងកំពុងជួបប្រទះអស់រយៈពេលជាង ១ខែមកហើយនោះ។

អាហ្សង់ទីន បានស្នើធ្វើម្ចាស់ផ្ទះការប្រកួតទាំងអស់ ប៉ុន្តែ CONMEBOL បានប្រកាសថា ដោយមើលឃើញពីស្ថានភាពរាតត្បាតនៅក្នុងប្រទេសនេះ វាក៏ត្រូវបានផ្អាកការរៀបចំការប្រកួតនៅទីនោះផងដែរ។

គួរបញ្ជាក់ថា Copa America ឆ្នាំ២០២១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះតែមួយគត់ ដ្បិតក្រុមសាំបាមួយនេះក៏ជាជើងឯកកាលពីឆ្នាំ២០១៨ ផងដែរ៕

.