(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Serio Aguero បានធ្វើដំណើរទៅដល់ក្លិប FC Barcelona និងបានចុះកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំលេងនៅទឹកដី Camp Nou ផងដែរ។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ថា កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ៣២ឆ្នាំ Aguero បានដំណើរទៅដល់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីពិនិត្យសុខភាព និងចុះកិច្ចសន្យា ២ឆ្នាំលេងនៅទីនោះ ដោយនឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

Aguero បានថ្លែងក្រោយពីចុះកិច្ចសន្យាថា «យើងទាំងអស់គ្នាដឹងស្រាប់ហើយ ថា Barcelona ជាក្លិបកំពូលក្នុងលោក។ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងការមកទីនេះ ដើម្បីបង្កើនអាជីពបាល់ទាត់របស់ខ្ញុំ ដោយសង្ឃឹមថានឹងជួយក្លិបនេះបាន ក្នុងការឈ្នះអ្វីៗគ្រប់យ៉ាងមកវិញ»

គួររំលឹកផងថា Sergio Aguero បានចំណាយពេល ១០ឆ្នាំលេងឲ្យក្លិបអង់គ្លេស មេឃខៀវ Manchester City ដោយរកបាន ២៦០គ្រាប់ច្រើនជាងគេ ពីការចូលលេងបាន ៣៩០ប្រកួតដោយឈ្នះបានពានសរុបចំនួន ១៥ពានផងដែរគិតចាប់តាំងពីបានផ្ទេរពីក្លិបអេស្ប៉ាញ Atletico Madrid នាឆ្នាំ២០១១ មក៕