(កូរ៉េ)៖ មានការចុះផ្សាយពេញបណ្តាញសង្គមរបស់កូរ៉េ ពីពាក្យចចាមអារ៉ាមថា លោក Lee Soo Man ធ្លាប់ពិភាក្សាពីការលក់ហ៊ុនរបស់លោកនៅក្នុងផលិតកម្ម SM ទៅឲ្យ Naver ឬ Kakao Entertainment។ ងាកមកអ្នកគាំទ្រវិញ ក្រោយទទួលដំណឹងនេះហើយ បានពិភាក្សាគ្នាពីអ្វីដែលអាចនឹងទៅរួច ប្រសិនបើដូចពាក្យចចាមអារ៉ាមមែននោះ។

យោងតាមរបាយការណ៍ពី IB Industry Insiders បានឲ្យដឹងថា ផលិតកម្ម HYBE ដែលជាជម្រករបស់ក្រុមល្បី BTS កន្លងទៅធ្លាប់បានពិភាក្សាក្នុងការទិញហ៊ុនរបស់ផលិតកម្ម SM ខណៈការពិភាក្សាទិញនេះ គឺតាំងពីឆ្នាំ២០២០ ប៉ុន្តែគម្រោងទិញលក់នេះ បែរជាត្រូវបានលុបចោលទៅវិញ ដោយមិនបានបញ្ជាក់មូលហេតុនោះទេ។

ទោះជាបែបនេះក្តី មានការលើកឡើងថា ប្រសិនបើពួកគេទទួលបានចំនួនហ៊ុនណាមួយជាក់លាក់នោះ អ្វីដែលអាចនឹងកើតមានឡើងទំនងជាផលិតកម្មទាំងពីរ ធ្វើការងារជាមួយគ្នា ដើម្បីកំណត់ជោគវាសនាក្រុមហ៊ុនរួមគ្នា និងបង្កើតសក្តានុពលលើវិស័យតន្រ្តីថែមទៀត។

គួរជម្រាបថា ក្រោយលេចឮពាក្យចចាមអារ៉ាមនេះ SM បានបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងពិភាក្សាគ្នាជាមួយដៃគូ ហើយនឹងធ្វើសេចក្តីប្រកាសផ្លូវការ នៅពេលមានការសម្រេចណាមួយត្រូវបានធ្វើឡើង ខណៈ Naver និង Kakao Entertianment ក៏បានបញ្ជាក់ដែរថា ពួកគេកំពុងតែស្វែងរកកិច្ចព្រមព្រៀងទិញលក់ ដែលមានសក្តានុពល ខណៈបច្ចុប្បន្នមិនទាន់សម្រេចផ្លូវការឡើយ៕