(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ជាអ្នកចាត់ការក្រុមថ្មីរបស់ខ្លួនផ្លូវការហើយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

banner

ការប្រកាសដំណឹងដ៏រសើបសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជានេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតផ្លូវការ អ្នកចាត់ការក្រុមថ្មីរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទព្រឹកនេះ នៅសណ្ឋាគារសូហ្វីតែល។

នេះគឺជាការត្រឡប់មកប្រកបអាជីពជាថ្មីនៅកម្ពុជារបស់លោក Lee Tae Hoon បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានចំណាយពេល ២ឆ្នាំ ជាមួយក្លិប Hoang Anh Gia Lai–HAGL នៃក្របខណ្ឌលីគកំពូលវៀតណាមកាលពីឆ្នាំ២០១៩-២០២០ កន្លងទៅ។

សូមបញ្ជាក់ថា លោក Lee Tae Hoon បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែកាលពីចុងឆ្នាំ២០១៨ គ្រាដែលលោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាលើកដំបូង កាលពីចុងឆ្នាំ២០១០៕