(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០នាក់ នៅក្រុមហ៊ុន ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ៣សប្តាហ៍របស់ក្រុមហ៊ុន។

ដោយមានការយកចិត្តទុកដាក់ជាចំបងទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរៀបចំព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះឡើងនៅឯរោងចក្រផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុន ក្រោមការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះបានចំណាយពេល ៣សប្តាហ៍។

លោកស្រី អ៊ែន អូលីវ័រ (Anne Ollivier) នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ «បុគ្គលិក គឺជាកម្លាំងស្នូលរបស់ក្រុមហ៊ុនយើង ហើយសុវត្ថិភាពគឺជាកត្តាអាទិភាពរបស់យើង។ ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាំបាច់ត្រូវរៀបចំឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាននូវកម្មវិធីចាក់វ៉ាក់សាំងជូនបុគ្គលិកនេះ ដើម្បីធានាថា បុគ្គលិករបស់យើងដែលជាកំលាំងចលកររបស់អាជីវកម្មយើងមានសុវត្ថិភាព»

ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក បានសហការយ៉ាងលល្អ ដើម្បីពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនេះផងដែរ។

លោកស្រី អ៊ែន អូលីវ័រ បានបន្ថែមថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងនាថ្ងៃនេះសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមការងារមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើការងារនៅតាមមូលដ្ឋាន របស់ពួកគាត់បានយ៉ាងល្អ ដើម្បីចាក់វ៉ាក់សាំងជូនក្រុមហ៊ុនឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន ដោយរក្សាឲ្យបានជានិច្ចនូវសុវត្ថិភាពខ្ពស់»

ជាការលើកទឹកចិត្តបន្ថែម និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានរៀបចំកម្មវិធីផ្សងសំណាងផងដែរសម្រាប់អ្នកដែលបានបញ្ចប់ការចាក់វ៉ាក់សាំងរបស់ពួកគេ។ ឈ្មោះរបស់អ្នកដែលបានចាក់វ៉ាក់សាំងរួចត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាកង់។

ដោយមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤មក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្ដល់ការងារជូនដល់បុគ្គលិកចំនួនជិត ៧០០នាក់ ព្រមទាំងផ្ដល់ការងារជាប្រយោលជូនដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត ដែលបំពេញការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដំណាំស្រូវ រហូតដល់អាជីវករលក់ដូរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី CBL (Cambodia Brewery Limited) មកជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) វិញ។

នៅក្នុងសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា (GDT) បានទទួលស្គាល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាជា ក្រុមហ៊ុនដែលបង់ពន្ធជូនរាជរដ្ឋាភិបាលច្រើនជាងនៅកម្ពុជា។ ក្រុមហ៊ុនរំពឹងថា នឹងត្រូវបានផ្តល់កិត្តិយសនៅក្នុងពិធីផ្លូវការមួយនៅឆ្នាំនេះ នៅពេលដែលលោក គង់ វិបុល រំពឹងថានឹងផ្តល់ជូនលិខិតថ្លែងអំណរគុណនិងកោតសរសើរមួយ ដែលមានការចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី អ៊ែន អូលីវ័រ ថ្លែងថា «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងទទួលខុសត្រូវលើកាតព្វកិច្ចរបស់យើងចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតមួយក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានភាពសកម្មខ្លាំងនៅក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយបានជាយុទ្ធនាការចាក់វ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំង»