(ភ្នំពេញ)៖ លោក Oleg Starynskyi អ្នកចាត់ការទូទៅក្លិបបាល់ទាត់ភ្នំពេញក្រោនចាត់ទុកថា ពានថ្មី League Cup ដែលទើបបង្កើតឡើងនាឆ្នាំនេះ គឺជាការផ្តល់ឱកាសដល់កីឡាករឯទៀត ជាពិសេសកីឡាករក្មេងៗតែម្តង ដើម្បីបង្ហាញខ្លួន និងបញ្ចេញសមត្ថភាពលើទីលានរបស់ពួកគេ។

ក្នុងនោះដែរភ្នំពេញក្រោនក៏បានចូលរួមលេងក្នុងពានរង្វាន់ League Cup 2021 នេះដែរក្នុងការផ្តល់ឱកាសដល់កីឡាករបានលេងជាបន្តទៀតក្នុងកំឡុងពេលឈប់សម្រាករបស់ក្រុមជម្រើសជាតិកម្ពុជា។ ដោយក្នុងនោះដែរ មាន ៣ក្រុមស្ថិតក្នុងពូល A ជាមួយគ្នារួមមានបឹងកេត, ភ្នំពេញក្រោន និងវិសាខា ខណៈ ១ក្រុមទៀត គឺក្រុមមកពីលីគទី២ ISI ដង្កោសែនជ័យ នៃការចាប់ឆ្នោតកាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនខាងលើនេះបានបញ្ជាក់ថា «ជាការពិតណាស់ យើងនឹងផ្តល់ឱកាសដល់កីឡាករមួយចំនួន ជាពិសេសគឺកីឡាករក្មេងៗ ដែលពួកគេគួរតែមានឱកាសក្នុងការលេង ប៉ុន្តែទាំងអស់នេះគឺវាអាស្រ័យលើទម្រង់លេងក្នុងពេលហ្វឹកហាត់របស់ពួកគេផងដែរ»

លោក Oleg Starynskyi បានបញ្ជាក់ថា «វាជារឿងមួយដែលល្អដោយក្លឹប និងគណៈកម្មការបានរៀបចំពានរង្វាន់ League Cup នេះ។ ការប្រកួតទាំងនោះ វានឹងជម្រុញទឹកចិត្ត និងការប្រមូលអារម្មណ៍ក្នុងការប្រកួត។ ខ្ញុំអាចនិយាយបានថា វាដូចជាការប្រកួត MCL ដែរ យើងកំពុងរង់ចាំការប្រកួតនេះមកដល់»