(អាមេរិក)៖ រោងភាពយន្តធំៗចំនួន៣របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានសម្រេចជារួម មិនតម្រូវឲ្យអ្នកទស្សនា ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ ពាក់របាំងមុខឡើយ ខណៈទស្សនិកជនផ្សេងទៀត ដែលមិនទាន់ទទួលវ៉ាក់សាំងគ្រប់ដូស ត្រូវបានលើកទឹកចិត្តឲ្យពាក់របាំងមុខដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

banner

រោងភាពយន្តធំៗទាំង៣រួមមាន AMC, Regal និង Cinemark បាននិយាយថា ក្នុងន័យជារួមថា បុគ្គលដែលបានទទួលវ៉ាក់សាំងពេញលេញ ឬគ្រប់ចំនួនដូស នឹងមិនចាំបាច់ពាក់ម៉ាស់ទៀតឡើយ នៅពេលដែលពួកគេចូលទស្សនាក្នុងរោងកុន ប៉ុន្តែសម្រាប់បុគ្គលិកធ្វើការក្នុងរោងកុន គឺតម្រូវឲ្យពាក់របាំងមុខដដែល។ តែយ៉ាងណា សម្រាប់ភ្ញៀវដែលចូលទស្សនាផ្សេងទៀត ដែលមិនចូលក្នុងលក្ខខណ្ឌនេះ នឹងត្រូវបានលើកទឹកចិត្តបំផុត សម្រាប់ការពាក់ម៉ាស់។

គួរជម្រាបថា រហូតមកទល់នឹងបច្ចុប្បន្ននេះ រោងភាពយន្តធំៗជាច្រើននៅសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែមានការអនុវត្តន៍នូវវិធានការសុខាភិបាលយ៉ាងខ្ជប់ខ្ជួន ដើម្បីធានាសុវត្ថិភាពអ្នកចូលទស្សនា រួមបញ្ចូលទាំងការកំណត់ចំនួនអ្នកចូលទស្សនា ការសំអាតអនាម័យ និងការរក្សាគម្លាតជាដើម៕