(បាសេឡូណា)៖ ក្លិបអេស្ប៉ាញ FC Barcelona បានបញ្ជាក់ថា ក្លិបបាននាំយកកីឡាករថ្មី ២រូបហើយដោយមានខ្សែប្រយុទ្ធ Sergio Aguero និងខ្សែការពារ Eric Garcia ផ្ទេមកពីក្លិប Manchester City ដូចគ្នា ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២១-២០២២ ខាងមុខ។

ទាំង Kun Aguero និងកីឡាករអន្តរជាតិអេស្ប៉ាញ Eric Garcia បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបថ្មី Barca នៅថ្ងៃទី០១ ខែមិថុនា ខណៈពេលកិច្ចសន្យារបស់ខ្សែការពារជាមួយក្លិបដែលលេងនៅ Premier League បានផុតកំណត់នៅបំណាច់រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

ខ្សែការពារ Garcia បានវិលត្រឡប់ទៅកាន់ក្លិបដែលធ្លាប់លេងកាលពីកុមារភាពដោយបានព្រមព្រៀងក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ ពោលគឺមានរយៈពេលរហូតដល់បំណាច់រដូវកាលឆ្នាំ២០២៥-២០២៦ បន្ទាប់ពីចំណាយពេល ៣ឆ្នាំលេងនៅក្លិបអង់គ្លេស Man City។

ក្លិប FC Barcelona ក៏បានលើកឡើងថា បានដាក់ចំនួនទឹកប្រាក់ប្រមាណ ៤០០លានអឺរ៉ូស្មើនឹង(៤៨៩,៥២លានដុល្លារអាមេរិក) ពីការទិញផ្តាច់កិច្ចសន្យាមកកាន់កីឡដ្ឋាន Camp Nou របស់កីឡាករវ័យទើបតែ ២០ឆ្នាំរូបនេះ។

សូមបញ្ជាក់ថា ខ្សែការពារ Eric Garcia ត្រូវបានដាក់ឲ្យចូលលេងបានតែ ១២លើកប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ អំឡុងរដូវកាលឆ្នាំ២០២០-២០២១ នេះ ដោយសារបញ្ហារបួស និងមានជំងឺ៕