(បាសេឡូណា)៖ ប្រធានក្លិបបាល់ទាត់អ្នកមានបុណ្យ FC Barcelona លោក Joan Laporta បានលើកឡើងនៅថ្ងៃចន្ទថា ការជជែកពិភាក្សាអំពីកិច្ចសន្យាថ្មីជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi បាននឹងកំពុងដំណើរការល្អ។

លោកថា ក្លិបនឹងប្រកាសពីការចុះកិច្ចសន្យាថ្មីនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ ដ្បិតកិច្ចសន្យាចាស់នៅ Camp Nou របស់ Messi នឹងផុតកំណត់ក្នុងខែមិថុនា។

«យើងបាននឹងកំពុងជជែកគ្នា ហើយវាដំណើរការយ៉ាងល្អ។ វាមិនទាន់សម្រេចពេញលេញនោះទេ ប៉ុន្តែយើងដឹងថា Leo ចង់នៅបន្ត» នេះបើតាមសម្តីលោក Laporta ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

គួរជម្រាបថា កិច្ចសន្យាបច្ចុប្បន្នរបស់ Messi នឹងផុតកំណត់ នៅចុងខែមិថុនា ឆ្នាំ២០២១ នេះ គ្រាដែលកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ មានបំណងចាកចេញពី Barcelona ៣ដងមកហើយ តែមិនបានសម្រេច៕