(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ពិភពលោក eBay បានប្រកាសនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺអ្នកទិញអាចនឹងធ្វើការទូទាត់លុយដោយផ្ទាល់ជាមួយនឹង eBay ហើយ eBay នឹងធ្វើការទូទាត់លុយនោះទៅកាន់អ្នកលក់ ពោលគឺប្រតិបត្តិការមួយនេះ នឹងត្រូវធ្វើឡើងក្រោមការគ្រប់គ្រង់ eBay ផ្ទាល់ ហើយអាចនឹងបោះបង់ PayPal ផងដែរ។

សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លក្ខខណ្ឌថ្មីរបស់ eBay នេះមានន័យថា eBay អាចធ្វើការទូទាត់លុយទៅឲ្យក្រុមអ្នកលក់ដោយផ្ទាល់តាមរយៈគណនេយធនាគារផ្ទាល់ខ្លួនផ្សេងជំនួសវិញ បើទោះបីជាពួកគេមានគណនី PayPal ក៏ដោយ។

ប្រភពដដែលបានបន្តទៀតថា លក្ខខណ្ឌថ្មីនេះត្រូវបាន eBay រៀបចំសម្រាប់ដោះស្រាយបញ្ហាទូទាត់ប្រាក់រវាងអ្នកលក់ និងអ្នកទិញតាំងពីឆ្នាំ២០០២ ដោយសារពួកគេពិបាកក្នុងការប្រើប្រាស់ PayPal ។

ប៉ុន្មានឆ្នាំបន្តបន្ទាប់ពីប្រើប្រាស់វិធីសាស្ត្រនេះក្នុងការដោះស្រាយបញ្ហារវាងអ្នកលក់ និងអ្នកទិញមក ឃើញថា ពួកគេមានការសប្បាយចិត្ត ដូច្នេះហើយទើប eBay សម្រេចប្រកាសជាផ្លូវការនូវលក្ខខណ្ឌថ្មីនេះ ហើយវាក៏ត្រូវបានគេមើលឃើញថា ជាហានថ្មីមួយសម្រាប់ eBay ខ្លួនឯងផងដែរ ក្នុងការបង្កើតមុខងារទូទាត់ប្រាក់តាមអនឡាញផ្ទាល់ខ្លួន។

អ្នកនាំពាក្យរបស់ eBay បាននិយាយថាតាមពិតមុខងារនេះត្រូវបានដាក់ឲ្យដំណើរការសាកល្បងតាំងតែពីឆ្នាំ ២០១៨ មកម្ល៉េះជាមួយនឹងក្រុមអ្នកលក់ ដែលបច្ចុប្បន្នមានប្រហែលជា ៤លាននាក់បានប្រើប្រាស់ ៕