(កូរ៉េ)៖ បុគ្គលដែលនៅពីក្រោយភាពជោគជ័យ របស់ក្រុមចម្រៀង K-POP ល្បី BTS គឺ នាយកប្រតិបត្តិផលិតកម្ម Hybe លោក Bang Shi-hyuk ត្រូវបានរាយការណ៍ថា បានជាប់ឈ្មោះក្នុងបញ្ជី មហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ទស្សនាវដ្តី Forbes ក្នុងនាមបុគ្គល ដែលមានប្រាក់ច្រើនបំផុតរបស់កូរ៉េ លំដាប់ទី១៦ ប្រចាំឆ្នាំ២០២១។

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ ទស្សនាវដ្តី Forbes បានធ្វើការប្រកាសជាផ្លូវការ ពីបុគ្គលដែលមានបំផុតប្រចាំប្រទេសកូរ៉េ ក្នុងឆ្នាំ២០២១ ក្នុងចំណោមនោះគេសង្កេតឃើញថា Bang Shi-hyuk ស្ថិតនៅលេខរៀងទី១៦ ជាមួយទឹកប្រាក់ចំនួន ២.៩ពាន់លានដុល្លារអាមេរិក។

នាយកប្រតិបត្តិ នៃផលិតកម្មដ៏ធំបំផុតប្រចាំប្រទេសកូរ៉េ លោក Bang Shi-hyuk ត្រូវបានគេដឹងថា បានលោតចូលក្នុងបញ្ជីឈ្មោះមហាសេដ្ឋីប្រចាំប្រទេសកូរ៉េ ដោយសារតែការដាក់លក់ IPO នៃក្រុមហ៊ុនរបស់លោកទទួលជោគជ័យ ពោលគឺកាលពីខែតុលា ឆ្នាំ២០២០ លោកបានសម្រេចដាក់ក្រុមហ៊ុន ទៅក្នុងទីផ្សារមូលបត្រសាធារណៈ ដែលកត្តានេះបានជំរុញឲ្យលោកក្លាយជាមហាសេដ្ឋី ក្នុងមួយប៉ប្រិចភ្នែក។

ផលិតកកម្ម Hybe ដែលពីមុនមានឈ្មោះថា Big Hit Entertainment នោះ បានក្លាយជាក្រុមហ៊ុនមួយទទួលជោគជ័យខ្លាំង ក្រោយបង្កើតក្នុងចម្រៀងបុរសដែលមានសមាជិក៧នាក់ឡើង គឺក្រុម BTS ដោយស្នាដៃចម្រៀងរបស់ក្រុមនេះ បានហក់ដល់ចំណុចកំពូលតារាង Billboard ២០០ របស់អាមេរិកជារឿយៗផងដែរ។ អាចនិយាយបានថា ភាពល្បីល្បាញរបស់ក្រុម BTS បានទាយឲ្យការលក់ IPO របស់ក្រុមហ៊ុន Hybe ទទួលជោគជ័យ។

គួរជម្រាបថា ក្នុងខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ ក្រុមហ៊ុន Hybe បានទិញយកក្រុមហ៊ុន Ithaca Holding ដែលជាផលិតកម្មគ្រប់គ្រងតារាចម្រៀងល្បីៗអាមេរិក Justin Bieber និង Afriana Grande ក្នុងតម្លៃជាង ១ពាន់លានដុល្លារ៕