(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នៅថ្ងៃទី០២ ខែមិថុនាម្សិលមិញនេះ បានប្រកាសដាក់បង្ហាញ ប្រព័ន្ធដំណើរការ HarmonyOS ជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព និងភាពអស្ចារ្យ ដែលធ្វើឱ្យអ្នកគាំទ្រ មហាជន នឹកស្មានមិនដល់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធដំណើរការ HarmonyOS ជំនាន់ថ្មីនេះ អាចប្រើប្រាស់បាននៅលើឧបករណ៍របស់ Huawei ទាំងអស់ និងអាចធ្វើការស៊ែរទិន្នន័យទៅវិញ ទៅ មកបាន។

សម្រាប់ការដាក់ឱ្យប្រើជំនាន់ថ្មីរបស់ HarmonyOS នេះ គឺមានតែនាឡិកាដៃវៃឆ្លាតជំនាន់ថ្មី ចំនួន ២ម៉ូដែល និងឧបករណ៍ Tablet ចំនួន ២ម៉ូដែល ដែលត្រូវបានភ្ជាប់មកជាមួយស្រាប់នូវ ប្រព័ន្ធដំណើរការ HarmonyOS នេះ ខណៈដែល Huawei មានគម្រោងផ្លាស់ប្ដូរស្មាតហ្វូន និង Tablet ជាច្រើនម៉ូដែលទៀតឱ្យមកប្រើប្រាស់ប្រព័ន្ធដំណើរការនេះ នៅក្នុងពេលឆាប់ៗ ខាង មុខ។

ជាមួយនឹងប្រព័ន្ធដំណើរការ HarmonyOS គឺ Huawei មានគម្រោងធ្វើការ Update ក្នុងទ្រង់ទ្រាយធំតែម្ដង ព្រោះអីរាល់ឧបករណ៍របស់ Huawei ទាំងអស់គឺអាចប្រើប្រាស់នូវប្រព័ន្ធដំណើការនេះរួមគ្នា ពោលគឺមិនខុសគ្នាប៉ុន្មានពីប្រព័ន្ធដំណើរការរបស់ Apple ឡើយ។

គួរបញ្ជាក់ផងដែរថា HarmonyOS ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៩ និងបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូង នៅ លើទូរទស្សន៍វៃឆ្លាតរបស់ Huawei សម្រាប់លក់នៅលើទីផ្សារប្រទេសចិន ហើយសម្រាប់ HarmonyOS ជំនាន់ទី២ គឺត្រូវបាន ពង្រីកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និង Tablet ៕