(ម៉ាណាម៉ា)៖ ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះបារ៉ែននាវេលាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី០៣ ខែមិថុនានេះ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូលC ។ នេះគឺជាជំនួបជើងទី២ រវាងក្រុមទាំងពីរ ដ្បិតកាលពីជើងទី១ កម្ពុជា បានចាញ់បារ៉ែនលើទឹកដីរបស់ខ្លួន ១-០ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់ការប្រកួតនេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញជម្រើស ១១នាក់ដំបូងដែលមានខ្សែការពារ ទេស សម្បត្តិ វ័យទើបតែ ២០ឆ្នាំ ធ្វើជាមេដឹកនាំក្រុម (Captain)។

ជុំវិញជំនួបនៅពហុកីឡដ្ឋានជាតិបារ៉ែននេះ លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា នេះគឺជាការប្រកួតប្រជែងដ៏ធំ ដែលកម្ពុជាត្រូវប្រឈមមុខជាមួយក្រុមខ្លាំងៗ និងមានកាយសម្បទាល្អ។ ប៉ុន្ដែលោកជឿជាក់លើកូនក្រុមរបស់ខ្លួន ពួកគេនឹងលេងដោយឆន្ទៈ និងមិនស្ទាក់ស្ទើរឡើយ ពិសេសកីឡាករវ័យក្មេង ដើម្បីទទួលបានបទពិសោធដ៏មានតម្លៃសម្រាប់អនាគតពួកគេ និងអនាគតនៃបាល់ទាត់កម្ពុជា។

គួរបញ្ជាក់ថា បេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជា គឺនៅសល់ ៣ប្រកួតក្នុងដៃ ដែលនឹងប្រកួតលើទឹកដីកណ្ដាល នាប្រទេសបារ៉ែន រួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់(ម៉ោងនៅកម្ពុជា), ថ្ងៃទី០៧ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយអ៉ីរ៉ាក់ នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយអ៉ីរ៉ង់ នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)៕