(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Facebook បានប្រកាសតែងតាំងលោកស្រី Marne Levine ជា CBO (Chief Business Officer) ជាផ្លូវការ និងលើកដំបូងសម្រាប់មុខតំណែងមួយនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា លោកស្រី Marne Levine វ័យ ៥០ឆ្នាំ ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានភាពជាដៃគូសកលរបស់ Facebook នៅពេលនេះត្រូវបានតែងតាំងជា CBO របស់ Facebook ដោយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីសំណាក់លោកស្រី Sheryl Sandberg នាយកគ្រប់គ្រងទូទៅ (COO) របស់ Facebook ។

តាមពិតទៅមុខតំណែង CBO នេះកន្លងមកមិនធ្លាប់មាននោះទេសម្រាប់ក្រុមហ៊ុន Facebook ខណៈដែលនៅក្នុងរយៈពេលប៉ុន្មានចុងឆ្នាំក្រោយនេះ Facebook បានជ្រើសតាំង និងបង្កើតតំណែងថ្មីៗជាច្រើន ដែលភាគច្រើនពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ និងផ្សព្វផ្សាយពាណិជ្ជកម្ម៕

លោកស្រី Marne Levine ត្រូវបានគេដឹងថា កន្លងមកបានកាន់តំណែងជា COO របស់ Instagram ដែលជាបុត្រសម្ព័ន្ធរបស់ Facebook។ គាត់ជាមនុស្សមួយរូបដែលត្រូវបានគេដឹងថា មានជំនាញ និងបទពិសោធន៍ខ្ពស់លើផ្នែកផ្សព្វផ្សាយពាណិជ្ជ ជាពិសេសគឺជាមនុស្សម្នាក់ដែលអាចរកប្រាក់ចំណូលឲ្យក្រុមហ៊ុនបានច្រើន៕