(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅដឹព្រីមៀសែនសុខ កាលពីថ្ងៃទី២២ ឧសភា កន្លងទៅ រហូតមកទល់នឹងពេលនេះ តារាស្រី ម៉ិច ម៉ារីកា បានបញ្ជាក់ថា ខ្លួនបានជាសះស្បើយពីជំងឺក៏កាចសាហាវកូវីដ-១៩ហើយ។ ទន្ទឹមគ្នានេះ តារាសម្តែងរូបស្រស់ ម៉ិច ម៉ារីកា មិនបានភ្លេចនោះឡើយ ក្នុងការថ្លែងអំណគុណដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រប់ៗរូប រហូតបានជាសះស្បើយ។

តារាសម្តែង ម៉ិច ម៉ារីកា បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកនេះថា រូបនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីកន្លែងព្យបាលហើយ ប៉ុន្តែនៅបន្តឃុំខ្លួនក្នុងផ្ទះរយៈពេល១៤ថែមទៀត ដើម្បីសុវត្ថិភាព។

ជាមួយគ្នានេះដែរ តារាសម្តែងទឹកមុខមានមន្តស្នេហ៍ ម៉ិច ម៉ារីកា ថ្លែងនិយាយមិនដាច់ពីមាត់ ក្នុងការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ។ ម៉ារីកា បាននិយាយថា «នាងខ្ញុំក៏សូមអរគុណថ្នាក់ដឹកនាំ និងក្រុមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ សម្រាប់ការមើលថែនាងខ្ញុំនិងបងប្អូនអ្នកជំងឺទាំងអស់ អរគុណសម្រាប់ការលះបង់ដ៏ធំសំរាប់ប្រជាជនខ្មែរ»

គួរជម្រាបថា កញ្ញា ម៉ិច ម៉ារីកា គឺជាតារាសម្តែងស្រីមួយរូប ដែលតែងតែលេចវត្តមានសម្តែងក្នុងរឿងភាគខ្មែរជាច្រើន។ ជាមួយទឹកមុខស្រស់ស្រាយមានមន្តស្នេហ៍ តារាស្រីរូបនេះ ហាក់មានទីផ្សារគួរឲ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ។ ម៉ារីកា មិនទាន់បញ្ជាក់នោះទេថា តើពេលបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នាងត្រូវធ្វើការងារសិល្បៈអ្វីខ្លះនោះ៕