(អង់គ្លេស)៖ ការថតខ្សែភាពយន្តល្បី «Mission: Impossible7» នៅចក្រភពអង់គ្លេស ដែលមានការចូលរួមសម្តែង ពីសំណាក់តារាជើងចាស់ដ៏ល្បីល្បាញរបស់អាមេរិក Tom Cruise ត្រូវបានប្រកាសថា បានផ្អាកជាបណ្ណោះអាសន្នភ្លាមៗ ក្រោយពីរកឃើញក្រុមការងារចំនួន១៤នាក់ ធ្វើតេស្តវិជ្ជមានកូវីដ-១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
ក្រុមការងារផលិតខ្សែភាពយន្ត «Mission: Impossible7» មិនបានបញ្ជាក់លំអិតនោះទេថា តើក្នុងចំណោម១៤នាក់ដែលមានរកឃើញវិជ្ជមាននោះ គឺជានរណា និងមានតួនាទីជាអ្វីនោះទេ ខណៈសារព័ត៌មានអង់គ្លេស The Sun បានចុះផ្សាយថា តារាសម្តែង Tom Cruise មិនស្ថិតក្នុងចំណោមអ្នកវិជ្ជមាន១៤នាក់នោះឡើយ។
ក្រុមការងារផលិត បានប្រកាសជាផ្លូវការថា ដោយសារករណីវិជ្ជមានកូវីដ-១៩ ទៅលើក្រុមការងារនៅពេលនេះ បានតម្រូវឲ្យការថតត្រូវបានផ្អាករយៈពេល១៤ថ្ងៃសិន រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ សារព័ត៌មាន The Sun បានដកស្រង់សំដីចេញពីប្រភពមិនបញ្ចេញឈ្មោះថា ក្រុមការងារផលិត១៤នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានទៅថតនៅក្នុងក្លឹបរាត្រីមួយកន្លែង ហើយតារាល្បី Tom Cruise និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវដាក់ឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ។
គួរជម្រាបថា ការថតភាពយន្តក្នុងអំឡុងពេលកើតមានជំងឺកូវីដ១៩នេះ គេឃើញថាក្រុមការងារម្នាក់ៗបានការពារខ្លួន ដោយមានពាក់ម៉ាសគ្រប់គ្នា លើកលែងតែតួអង្គសម្ដែង ដែលមិនអាចពាក់ម៉ាសបានពេលសម្ដែងមុខកាមេរ៉ាប៉ុណ្ណោះ។ ការផលិតវគ្គថ្មីសម្រាប់ភាពយន្តស៊ើបអង្កេត និងបាញ់ប្រហារ «Mission Impossible» ដែលធ្លាប់រកចំណូលបានជាង ៣៥០០លានដុល្លារសម្រាប់ ៦វគ្គកន្លងមកនោះ បានផ្អាកដំណើរការកាលពីខែកុម្ភៈឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩ ហើយបានដំណើរការថតឡើងវិញ កាលពីដើមខែកញ្ញាឆ្នាំ២០២០។
ភាពយន្ត «Mission Impossible» វគ្គថ្មី ដែលជាវគ្គទី៧ នាពេលបច្ចុប្បន្ននេះ បានកំណត់កាលបរិច្ឆេទថា នឹងចាក់បញ្ចាំងតាមរោងកុននាខែវិច្ឆិកាឆ្នាំ ២០២១ ហើយសម្រាប់វគ្គទី៨វិញ កំណត់ថា នឹងចាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ ២០២២៕