(បារាំង)៖ កីឡាការិនីតេន្នីសរុស្ស៊ី Yana Sizikova ត្រូវបានប៉ូលិសចាប់ខ្លួន នៅឯព្រឹត្តិការណ៍ French Open ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំខ្លួន, នេះបើតាមប្រភពពីប៉ូលិស បានប្រាប់សារព័ត៌មាន Reuters ចេញផ្សាយនាយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។
ប្រភពខាងលើ មិនបានបញ្ជាក់ពីមូលហេតុ នៃការចាប់ខ្លួន កីឡាការិនីរូបនេះ។
ជាមួយគ្នានោះ សហព័ន្ធកីឡាតេន្នីសបារាំង (FFT) ក៏បានបញ្ជាក់ពីការចាប់ខ្លួន កីឡាការិនីរូបនេះផងដែរ ប៉ុន្តែថាមិនបកស្រាយពីព័ត៌មានលម្អិតនោះទេ។
លោក Shamil Tarpischev ប្រធានសហព័ន្ធកីឡាតេន្នីសរុស្ស៊ី បានប្រាប់សារព័ត៌មាន RIA ថា លោកបានដឹងហើយ ពីការឃុំខ្លួន Sizikova។
សារព័ត៌មាន TASS ក៏បានចេញផ្សាយដែរថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប៉ារីស ក៏ត្រូវបានគេជូនដំណឹង ពីករណីនេះផងដែរ៕