(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បាននិយាយលើទឹកចិត្តកូនក្រុមឲ្យរីករាយ ចំពោះឱកាសបានលេងជាមួយក្រុមខ្លាំងៗ ពិសេសក្រុមជម្រើសជាតិអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលកម្ពុជាត្រូវប្រកួតបង្គ្រប់កិច្ចជាមួយ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូលC នៅប្រទេសបារ៉ែននាសប្ដាហ៍ក្រោយ។
ថ្លែងទៅកាន់កីឡាករជម្រើសជាតិកម្ពុជា អំឡុងពេលប្រជុំក្រុមហ្វឹកហាត់ ក្រោយប្រកួតចាញ់ម្ចាស់បារ៉ែន ៨-០ ពិសេសត្រៀមជួបអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នាពេលខាងមុខ លោក Honda បាននិយាយថា «បារ៉ែន គឺជាក្រុមខ្លាំង អ៊ីរ៉ាក់ខ្លាំងជាងបារ៉ែន ហើយអ៊ីរ៉ង់ខ្លាំងជាងអ៊ីរ៉ាក់ទៅទៀត។ ក្នុងនាមជាកីឡាករ យើងគួរតែរីករាយ ដែលយើងមានឱកាសលេងជាមួយក្រុមខ្លាំងៗ»។
ដោយឡែកលោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានលើកឡើងថា បារ៉ែន គឺជាក្រុមអស្ចារ្យមួយ និងធ្វើបានល្អ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ប៉ុន្ដែលោកក៏រីករាយ ចំពោះកីឡាករវ័យក្មេងរបស់ខ្លួន ដែលបានបង្ហាញទម្រង់លេងដ៏ល្អលើសពីការរំពឹងទុកក្នុងការប្រកួតនេះដែរ។
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបន្ដថា «ទោះយ៉ាងណាវាជាឱកាសដ៏ល្អ ដែលយើងបានដាក់កីឡាករក្មេងៗ លេងក្នុងការប្រកួតនេះ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺពួកគេបានបង្ហាញនូវសមត្ថភាពដ៏ប៉ិនប្រសប់លើសពីការរំពឹងទុករបស់យើង។ ទោះបីយើងជួបការលំបាកក្នុងអំឡុងពេលប្រកួតក៏ដោយ យើងនៅតែបន្ដលេងតាមរបៀបរបស់យើង និងព្យាយាមបង្កើតឱកាស...»។
សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នៅសល់បេសកកម្ម ២ប្រកួតទៀត ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ពូល C ដោយត្រូវជួបក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនាស្អែក និងជួបអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា នៅម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) ដូចគ្នា។ កាលពីជើងទី១ កម្ពុជា បានចាញ់ក្រុមខ្លាំងទាំងពីរដូចគ្នា រួមមានចាញ់អ៊ីរ៉ាក់ ៤-០ ក្នុងដី និងចាញ់អ៊ីរ៉ង់ ១៤-០ ក្រៅដី៕