(កូរ៉េ)៖ សេចក្តីរាយការណ៍ពីសារព័ត៌មាន Yonhap បានឲ្យដឹងថា រដ្ឋអាជ្ញាកូរ៉េបានធ្វើការចោទប្រកាន់ ស្ថាបនិកនិងជាអតីតនាយកប្រតិបត្តិ របស់ផលិតកម្មល្បីប្រចាំប្រទេសកូរ៉េ YG Entertainment គឺលោក Yang Hyun Suk ពីបទ ប៉ុនប៉ងបិទបាំងការប្រើប្រាសគ្រឿងញៀន របស់សិល្បករក្នុងផលិតកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
លោក Yang Hyun Suk កន្លងមកធ្លាប់ត្រូវបានស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតរួចហើយ ក្រោយជាប់សង្ស័យ ពីបទល្មើសប៉ុនប៉ងបិទបាំង ភាពចម្រូងចម្រាស់ អំពីការប្រើប្រាសគ្រឿងញៀន របស់សិល្បករក្នុងផលិតកម្មរបស់ខ្លួន ដោយប្រើលុយ ខណៈសវនាការរបស់លោក នឹងត្រូវធ្វើឡើងឆាប់ៗខាងមុខនេះ។ ដូច្នេះសេចក្តីសម្រេចរបស់តុលាការទៅលើ លោក Yang Hyun Suk យ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយទេ។ នេះបើតាមការប្រកាសពីតុលាការទីក្រុងសេអ៊ូល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
គួរជម្រាបថា បើតាមលទ្ធផលនៃការស៊ើបអង្កេត គឺ Yang Hyun Suk ធ្លាប់បានព្យាយាមផ្លាស់ប្តូរសក្ខីកម្មរបស់សាក្សី អំពីការជូនដំណឹងទៅគណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធិស៊ីវិល ទាក់ទងនឹងការទិញគ្រឿងញៀនរបស់សិល្បករក្នុងក្រុមហ៊ុនលោក ក្នុងឆ្នាំ២០១៦។ ករណីនេះត្រូវបានស្ថិតក្រោមការស៊ើបអង្កេតតាំងពីនោះមក និងទើបតែបិទបញ្ចាប់នៅខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ៕