(ភ្នំពេញ)៖ ហាងកាហ្វេម៉ាកល្បី Brew Coffee នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឧបត្ថម្ភកាហ្វេជាលើកទី៤ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល។

លោក ឈាង សុវណ្ណរតនៈ អគ្គនាយកប្រ៊ូវកាហ្វេ (អ.ធី.ខេ) បានថ្លែងថា ដើម្បីជាការលើកទឹកចិត្ដ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យធីតា ដែលបានលះបង់កម្លាំងកាយចិត្ដ និងជីវិត ដើម្បីប្រយុទ្ធឆាំងនឹងជំងឺកូវីដ១៩ ដោយកន្លងមកនេះ បានយកចិត្ដទុកដាក់ ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្ដបន្ទាប់ ឆ្លងផុតពីសេចក្ដីសា្លប់ ដោយមេរោគកូវីដដ៏សមាន។

ម្ចាស់ហាង ប្រ៊ូវកាហ្វេ (អ.ធី.ខេ) បានថ្លែងបន្ដថា «ថ្ងៃនេះក្រុមការងាររបស់ខ្ញុំ បាននាំយកនូវកាហ្វេ ចំនួន ៥៣៩ដប ជូនដល់ក្រុមបងៗគ្រូពេទ្យធីតា ហើយនេះជាលើកទី៤ហើយ សរុប គឺចំនួន ២,០៦០ដប។ ខ្ញុំនឹងឧបត្ថម្ភជាបន្ដបន្ទាប់ទៀត ដើម្បីចូលរួមគាំទ្រ និងលើទឹកចិត្ដដល់ក្រុមគ្រូពេទ្យ ដែលបានលះបង់គ្រប់យ៉ាង ពិសេសឆ្ងាយពីគ្រួសារ ដើម្បីមកមើលថែអ្នកជំងឺកូវីដ១៩ ដោយមិនខ្លាចនឿយហត់»

លោក ឈាង សុវណ្ណរតនៈ បានគូសបញ្ជាក់ថា កន្លងមកនេះ លោកក៏បានឧបត្ថម្ភកាហ្វេ Brew Coffee នេះ ជូនដល់បងៗកម្លាំងសមត្ថកិច្ចនៅតាមតំបន់បិទខ្ទប់មួយចំនួនផងដែរ។

សូមជម្រាបថា លោក ឈាង សុវណ្ណរតនៈ អគ្គនាយកប្រ៊ូវកាហ្វេ (អ.ធី.ខេ) ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកាដល់ ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕