(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា បានបង់ប្រាក់ខ្ទង់លានដុល្លារអាមេរិកឱ្យទៅសិស្សសាលាស្រីម្នាក់ ដើម្បី បញ្ចប់ បណ្ដឹងមួយ ដែលបានកើតមានឡើងតាំងពីឆ្នាំ២០១៦។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
សារព័ត៌មាន Phone Arena និង The Telegraph បានចុះផ្សាយព្រមគ្នាថា មានសិស្សសាលាស្រីម្នាក់បានយក iPhone ទៅឱ្យបុគ្គលិករបស់ Apple ធ្វើការជួសជុល និងក្រោយមកស្រាប់តែបែកធ្លាយរូបភាពអាសអាភាស និងវីដេអូសិច របស់នាងនៅលើបណ្ដាញសង្គម Facebook ដែលតាមរយៈគណនីផ្ទាល់ខ្លួនរបស់នាង។
បើតាមការបញ្ជាក់នៅក្នុងពាក្យបណ្ដឹងគឺបានឱ្យដឹងថា ក្រោយពីទូរស័ព្ទ iPhone របស់នាងមានបញ្ហា នាងក៏បានយកទៅឱ្យ បុគ្គលិក Apple ជំនាញខាងផ្នែកជួសជុល និងមួយរយៈពេលក្រោយមក ស្រាប់តែមិត្តភ័ក្តិរបស់នាងបានប្រាប់ថា គណនី Facebook របស់នាងបានផុសរូបភាពអាសអាភាសចំនួន ១០សន្លឹក និងវីដេអូសិចមួយ ទើបនាងដឹងថា គឺវាបែកធ្លាយ តាមរយៈទូរស័ព្ទដៃរបស់នាង។
ពាក់ព័ន្ធនឹងពាក្យបណ្ដឹងនេះ ត្រូវបានបញ្ចប់ដោយភាពស្ងប់ស្ងាត់ក្រោយពីអូសបន្លាយពេលអស់ជាច្រើនឆ្នាំ ដោយក្នុងនោះ តុលាការមិនបានបញ្ជាក់ថា Apple បានសងប្រាក់ទៅនាងក្នុងទំហំប៉ុន្មាននោះទេ ប៉ុន្តែ The Telegraph បានប៉ាន់ប្រមាណ ថាប្រហែលជា ៥លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ករណីនេះវាជាបទពិសោធន៍សម្រាប់ អ្នក ប្រើប្រាស់ស្មាតហ្វូនគ្រប់គ្នាគួរតែមានការប្រុងប្រយ័ត្ន កុំថតរូបភាព និងវីដេអូផ្ដេសផ្ដាស់ ព្រោះវានាំឱ្យប៉ះពាល់កិត្តិយស និង នាំនូវរឿងអាស្រូវសម្រាប់ខ្លួនឯង៕